ខេត្តបន្ទាយមានជ័យៈ រថយន្តជាច្រើនគ្រឿងបានជាប់គាំងទៅមុខអត់រួចបង្កឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោងខណៈរថយន្តហ៊ីយ៉ាន់ដាយបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវពីក្រោយពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ញាជើងនៅ កណ្តាលផ្លូវជាតិលេខ៦ ធ្វើឱ្យមនុស្សចំនួន៣នាក់ជិះ នៅលើមធ្យោបាយទាំង២គ្រឿងទទួលរងបួសយ៉ាងដំណំ។
ហេតុការណ៍កើត ឡើងកាល ពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៣ខែមីនា ឆ្នាំ២០១៥ នៅចំណុចភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។ក្រោយពីកើតហេតុគេឃើញ នគរបាលចរាចរខេត្តបន្ទាយមានជ័យបានទៅដល់កន្លែងគ្រោះថ្នាក់សម្រួលចរាចរណ៍ តាមផ្លូវ ទើបធ្វើឱ្យការកកស្ទះចរាចរណ៍មានការធូស្រាលមកវិញ។រីឯអ្នករងបួសត្រូវបានគេដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បើតាមប្រភព័ត៌មានពីអ្នកបើកត្រាក់ទ័របានប្រាប់ឱ្យដឹងថា៖មុនពេលកើតហេតុ គេបើកត្រាក់ទ័រសណ្តោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវចេញពីស្រុកពួកខេត្តសៀមរាបក្នុងគោលបំណងទៅ ស្រុកថ្មគោលខេត្តបាត់ដំបង ជិះគ្នា២នាក់នៅលើត្រាក់ទ័រធ្វើដំណើរក្នុងទិសដៅពី កើតទៅលិច។លុះបើកមកដល់ចំណុចកើតហេតុគេមិនដឹងថាតើរថយន្តហ៊ីយ៉ាន់ដាយបង្ក មានបញ្ហាអ្វីនោះទេ ស្រាប់តែបើកមកបុកពីក្រោយរ៉ឺម៉កត្រាក់ទ័រពេញទំហឹងបណ្តាលឱ្យរ៉ឺម៉ក ត្រាក់ទ័រកាច់រេចេញពីក្បាលទើបធ្វើក្រឡាប់តែម្តង។ចំណែកឯរថយន្តវិញ ដែលគេ ដឹងថា ជិះគ្នា២នាក់រ៉េចង្កូតធ្លាក់ចូលស្រែខាងស្តាំដៃបណ្តាលឱ្យអ្នករួមដំណើរក្នុងរថយន្តហ៊ីយ៉ាន់ ដាយទទួលរងរបួសយ៉ាងដំណំម្នាក់ចំណែកអ្នកបើបរគេចផុតពីគ្រោះថ្នាក់។
ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរនិងអ្នករងរបួសនៃមធ្យោបាយធ្វើដំណើរទាំង ២គ្រឿងគេពុំទាន់ស្គាល់អត្តសញ្ញាននៅឡើយនោះទេ។សមត្ថកិច្ចក៏ពុំទាន់ហ៊ានសន្និដ្ឋានថាបង្កឡើងផ្តើមចេញពីមូលហេតុអ្វីនៅឡើយនោះដែរ។រង់ចាំសមត្ថកិច្ចវាស់វែងរួចហើយស្ទូច មធ្យោបាយទាំង២គ្រឿងយកមករក្សាទុកដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់។
នៅក្រុងសិរីសោភ័ណថ្ងៃដដែលនេះដែរ នៅចំណុចអតីតផ្លូវភ្លោះ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១ករណីផ្សេងទៀតដោយរថយន្តធុនធំដឹកស៊ីម៉ង់ត៍បានបែកកង់មុខជ្រុលទៅបុករថយន្តកាមរី២គ្រឿងចតនៅលើចិញ្ចើមថ្នល់បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ រថយន្តបង្កក៏ជ្រុលទៅបុក របងផ្ទះរបស់ក្រុមហ៊ុនអៃយ៉ារ៉ា ផ្លានិត ទើបរថយន្តទៅមុខលែងរួចចំណែកអ្នកបើករថយន្ត រងរបួសបាក់ជើងគាបជាប់ក្នុងរថយន្ត បន្ទាប់មកត្រូវបានប្រជាពលរដ្ឋគាស់យកចេញហើយដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យ។
គួរបញ្ជាក់ថាករណីគ្រោះថ្នាក់ចរារណ៍នៅក្រុងសិរីសោភ័ណទាំង២ករណីនេះដែលគេមើលឃើញថាមិនបង្កឱ្យមនុស្សស្លាប់ ស្របពេល ដែលកាលពីព្រឹកថ្ងៃទី៣ ខែមីនានេះ នគរបាល ចរាចរណ៍ខេត្តបន្ទាយមានជ័យ ទើបតែរៀបចំពិធីប្រោះព្រំនិមន្តព្រះសង្ឃចំនួន៥ អង្គសូត្រ ធម៌ដេញអុបឌ្រុបចង្រៃនៅលើកំណាត់ផ្លូវជាតិលេខ៥ចាប់ពីចំណុចខាងមុខស្នងការដ្ឋាននគរបាលខេត្តរហូតដល់ស្ពានទឹកថ្លា អនុវត្តតាមជំនឿសាសនា ដើម្បីបញ្ចៀសកុំឱ្យគ្រោះថ្នាក់ ចរាចរណ៍គ្រាដែលគេមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យក្នុងមួយ រយៈចុងក្រោយបានកើតឡើងបណ្តាលឱ្យស្លាប់និងរងបួសមានការកើនឡើងគួរឱ្យបារម្មនោះ ៕