កគ្រឹកទៀតហើយៗ! ឈ្មួញត្រៀមសម្រុកដឹកជញ្ជូនឈើប្រណិតទៅវៀតណាមតាមច្រកដាក់ដាំ ក្រោយពីបានរត់ការស្ងៀមស្ងាត់ រួចរាល់ជាមួយអាជ្ញាធរ

មណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍ដ៏ច្បាស់ការមកថា នៅក្នុងខែតុលាឆ្នាំ២០១៨នេះ មានឈ្មួញឈើជាច្រើននាក់បានទៅយកប្រាក់ពីថៅកែវៀតណាម ដើម្បីបែងចែករត់ការទៅកាន់អាជ្ញាធរ មានសមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ចដែលមានតួនាទីបង្ក្រាប និងមានឥទ្ធិពលផងដែរ បានទទួលកញ្ចប់នេះមុនគេ ដូច្នេះ គេសន្និដ្ឋានបានថា ក្នុងអំឡុងពេលនេះ ពួកឈ្មួញបានត្រៀមរៀបចំ ដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់រថយន្តសាំយ៉ុងជាច្រើនគ្រឿងសម្រាប់មធ្យោបាយដឹកជញ្ជូនឈើប្រណិតទាំងនោះ ។

ប្រភពច្បាស់ការបានឲ្យដឹងថា អ្នករត់ការត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយ ទោះជាចាយក្នុងទឹកប្រាក់កម្រិតណាក៏ដោយ គឺក្នុងគោលបំណង ដឹកឈើពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះឲ្យបានតែម្តង ដើម្បីបង្ហាញឲ្យឃើញថា ពួកគេមានសមត្ថភាពក្នុងការរត់ការដឹកជញ្ជូនបទល្មើសព្រៃឈើ ។

ហើយថៅកែវៀតណាម ដែលទើបនឹងបង្កើតក្រុមរកស៊ីថ្មីៗនេះ នឹងមានទំនុកចិត្ត អាចនឹងបោះលុយឲ្យ ប្រមូលទិញឈើក្នុងខេត្តមណ្ឌលគិរីបន្តទៀត ។ ដូច្នេះក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បើទោះជាមានករណីរត់ការបែងចែកប្រាក់ទៅកាន់អាជ្ញាធរសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ រួចហើយក្តី ក៏ប៉ុន្តែមេៗកងកម្លាំងនីមួយៗនៅក្នុងខេត្តមណ្ឌលគិរី តែងតែមើលមុខគ្នាទៅវិញទៅមក ទីមួយព្រួយបារម្ភពីបញ្ហាបែកការដល់អ្នកសារព័ត៌មាន និងទីពីរ​ អ្នកខ្លះទៀតបានទទួលកញ្ចប់រួចហើយ ពិបាកដោះសារជាមួយនឹងអ្នករត់ការ ដូច្នេះ តាមគម្រោងត្រូវចេញឈើនៅយប់តាមរថយន្តសាំយ៉ុង ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ធ្លាប់ទទួលស្គាល់ថា មានករណីដឹកជញ្ជូនមែន ដោយលោកបានព័ត៌មានខ្លះដែរជុំវិញថាមានឈ្មួញបម្រុងចេញឈើតាមច្រកដាក់ដាំ ប៉ុន្តែករណីនេះ ខ្ញុំបានត្រៀមកម្លាំងរួចជាស្រេច ចុះទៅតាមគោលដៅ និងទប់ស្កាក់នៅច្រកដាក់ដាំ មិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះឡើយ ។

ប្រភពច្បាស់ការបានបង្ហើបថា ក្រុមហ៊ុនរបស់ភាគីវៀតណាម ដែលទទួលទិញឈើនៅក្នុងទឹកដីនៃប្រទេសវៀតណាមនោះគឺជាក្រុមហ៊ុនថ្មី ប្រសិនបើអ្នករត់ការប្រមូលទិញឈើ​នៅខេត្តមណ្ឌលគិរី អាចនាំឈើទាំងនោះឆ្លងច្រកដាក់ដាំបាន ដែលមានឈ្មួញបោះកញ្ចប់ឲ្យរត់ការជាមួយអាជ្ញាធរ គ្រប់ជំនាញពាក់ព័ន្ធ ។

បញ្ហាទាំងអស់នេះហើយ ដែលសមត្ថកិច្ចមានតួនាទីបង្ក្រាប មួយចំនួន​ត្រូវថ្នាំគេ និង មួយចំនួនទៀតកំពុងស្រក់ទឹកមាត់ គ្រាដែលអាជ្ញាធរខេត្ត​ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្តជិះសេះលែងដៃ អនុញ្ញាតឲ្យសកម្មភាពដឹកជញ្ជូនឈើប្រណិត កន្លងទៅទៅវៀតណាមតាមច្រកប៉ុស្តិ៍៧ ដូចហែកឋិនអ៊ីចឹង ។

ហើយថ្មីៗនេះទៀត ក៏ចាប់ផ្តើមបង្វែរទិសដៅមកដឹកជញ្ជូនឈើតាមច្រកដាក់ដាំ វិញម្តង ដោយសារតែច្រកនេះងាយស្រួលដឹកជញ្ជូនឈើ ។

ទោះជាមានករណី រិះគន់ទៅលើអាជ្ញាធរខេត្តមណ្ឌលគិរីក៏ដោយ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឮក៏លោកមានពាក់ព័ន្ធនឹងផលប្រយោជន៍ឈើពីឧកញ៉ា និងមេឈ្មួញឈើទាំងនេះ? ។

ប្រភពដ៏ច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា បទល្មើសព្រៃឈើដែលឈ្មួញអាររួច ត្រៀមដឹកទៅប្រទេសវៀតណាមតាមច្រកដាក់ដាំនេះ ខណៈអ្នកមានតួនាទីបង្ក្រាប ទទួលកញ្ចប់មេឈ្មួញអស់ហើយ ជាពិសេស មានឧកញ៉ាចំនួន៣រូប ដែលនៅពីក្រោយខ្នងបទល្មើសឈើនេះ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរជំនាញនៅក្នុងខេត្តមណ្ឌលគិរី មិនឲ្យចេញមុខ ព្រោះជាមុខសញ្ញាប្រព្រឹត្តបទល្មើសព្រៃឈើ ដែលមានឈ្មោះអសោចិ៍ ទើបគេឲ្យមនុស្សផ្សេងជាអ្នកមកចេញមុខរត់ការ ឲ្យតំណាងជាម្ចាស់ឈើ ដើម្បីឲ្យឈើទាំងនោះឆ្លងទៅប្រទេស​វៀតណាមតាមច្រកដាក់ដាំ បានដោយរលួន ។

សម្តេចក្រឡាហោម ថ្មីៗនេះ បានប្រមានទៅលើអភិបាលខេត្តមួយចំនួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា បើមិនទប់ស្កាត់នឹងបង្ក្រាបបទល្មើសព្រៃឈើទេនោះខ្ញុំហ្នឹងចាត់វិធានការអភិបាលខេត្តនោះទៅតាមផ្លូវច្បាប់ ៕ ជាយដែន

Loading...