កងកម្លាំងឈរជេីងនៅតាមបន្ទាត់​ព្រំដែន​ ​កម្ពុជា​-​ឡាវ​ ទទួលបានផ្ទះ និងដីសង្គមកិច្ច របស់រាជរដ្ឋាភិបាល

(ស្ទឹងត្រែង)៖ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានរៀបចំពិធីចាប់ឆ្នោតយកផ្ទះ និងដីឡូតិ៍ សម្បទានសង្គមកិច្ច ជូនគ្រួសារកងទ័ព និង​ គ្រួសារនគរបាលជាតិ​ ដែលបានឈរជេីងនៅតាមបន្ទាត់​ព្រំដែន​ ​កម្ពុជា​-​ឡាវ​ សិត្ថនៅក្នុងភូមិសាស្រ្ត ឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកបូរីអូស្វាយសែនជ័យ និង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង​ ក្នុងនោះមានផ្ទះចំនួន ១០០ខ្នង និងដីចំនួន១០០ឡូតិ៍ ដោយក្នុង១ឡូតិ៍មានដីកសិកម្មទំហំទទឹង​១០០ម៉ែត្រ បណ្តោយ ៣០០ ម៉ែត្រ​។

ពិធីនេះបានប្រារព្ធធ្វើកាលពីថ្ងៃទី២៤ ខែធ្នូ​ ឆ្នាំ២០២០ ក្រោមអធិបតីភាព​ លោក ម៉ុម​ សារឿន​ អភិបាល​ នៃ​គណៈអភិបាល​ ខេត្តស្ទឹងត្រែង​ និង លោក​ បេងហុង​ សុជាតិ​ខេមរ៉ូ​ អគ្គនាយក​នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន​ នៃក្រសួង​ដែនដីនគរូបនីយកម្ម​ និងសំណង់​ និង ឧត្តមសេនីយ៍​ទោ​ ស្វាយ​ ញ៉ន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រងស្ទឹងត្រែង​ ឧត្តមសេនីយ៍​ទោ​ អ៊ូត​ ស៊ី​វត្ថា​ស្នងការ​នគរបាល​ខេត្ត​ ស្ទឹង​ត្រែង​ និង​ ក្រុម​ការងារ​ពាក់ព័ន្ធ។

​លោក ម៉ុម​ ​សារឿន​ បានលើកឡើងថាការផ្តល់ផ្ទះដីឡូតិ៍ សម្បទានសង្គមកិច្ច ជូនគ្រួសារកងទ័ព និង​គ្រួសារនគរបាលជាតិ​ នៅពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខ ការរស់នៅដល់បងប្អូនកងកម្លាំង និងក្រុមគ្រួសារផ្ទាល់ ដែលបានឈរជេីងនៅតាមបន្ទាត់​ព្រំដែន​ ​កម្ពុជា​-​ឡាវ​។

​លោក ម៉ុម​ ​សារឿន​ បានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ នាំមក នូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដ៏កំសត់មកជាប្រទេសដែលកំពុងអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យ និងស្មើរមុខនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា នេះជាដំណាក់កាលទី៣ហើយ ដែលបានធ្វើការបែងចែកប្រគល់ផ្ទះ និងដីឡូតិ៍ សម្បទានសង្គមកិច្ច ជូនគ្រួសារកងទ័ព និង​ គ្រួសារនគរបាលជាតិ​ ឈរជេីងនៅតាមបន្ទាត់​ព្រំដែន​ ​កម្ពុជា​-​ឡាវ​។ ការធ្វើពិធីចាប់ឆ្នោតនេះគឺជានិតិវិធីនៃការបែងចែកផ្ទះ និងដីដល់បងប្អូនកងកម្លាំងប្រកបដោយសុក្រិតភាព និងតម្លាភាព៕

Loading...