កងកម្លាំងភាគខាងត្បូងរឹបអូសមូលដ្ឋានយោធាចំនួន ៣ របស់រដ្ឋាភិបាលយេម៉ែន នៅក្រុងអាដេន សម្លាប់មនុស្ស ១៥ នាក់

កងកម្លាំងដែលស្មោះត្រង់នឹងក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) កាលពីថ្ងៃសៅរ៍ (១០ សីហា​)​បានដណ្តើមការគ្រប់គ្រងលើមូលដ្ឋានយោធាចំនួន ៣ របស់រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបន្ទាប់ពីមានការប៉ះទង្គិចគ្នាអស់រយៈពេល ៤ ថ្ងៃនៅក្នុងទីក្រុងកំពង់ផែអាដេនភាគខាងត្បូង។

យោងតាមមន្រ្តីយោធាម្នាក់បានឱ្យដឹងថា កម្លាំងរបស់ STC បានរឹបអូសយកមូលដ្ឋានចំនួន ៣ នៃអង្គភាពឆ្មាំប្រធានាធិបតីដែលមានភារកិច្ចការពារទីស្នាក់ការគណៈរដ្ឋមន្រ្តីរបស់ប្រទេស នៅក្នុងទីក្រុង Aden បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។

មន្ត្រីសន្តិសុខរូបនោះបាននិយាយថា កងទ័ពឆ្មាំប្រធានាធិបតីបានចូលរួមនៅក្នុងការប្រឈមមុខដាក់គ្នាដោយអាវុធយ៉ាងសាហាវជាមួយកងកម្លាំង
STC ប៉ុន្តែបានបរាជ័យក្នុងការវាយប្រហារចុងក្រោយដែលបណ្តាលឱ្យមនុស្សប្រហែល ១៥ នាក់ត្រូវបានសម្លាប់ពីភាគីទាំងពីរ។

លោកបានបន្ថែមថា“ មេដឹកនាំជាន់ខ្ពស់និងនាយទាហាននៃកងឆ្មាំប្រធានាធិបតីបានរត់គេចខ្លួននៅពេលដែលកម្លាំងរបស់ STC បានសម្រុកចូលទីតាំងរបស់ពួកគេ” ។

សាក្សីបានប្រាប់ស៊ីនហួថាកម្លាំងធុនធ្ងន់របស់ STC
ដែលគាំទ្រដោយរថពាសដែកបានចូលមូលដ្ឋានទ័ពរបស់រដ្ឋាភិបាលនៅអាដេន។

ពួកគេបានបញ្ជាក់ថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរយៈពេល ៧ ម៉ោងបានបញ្ចប់ក្នុងការដណ្តើមកាន់កាប់មូលដ្ឋានទ័ពរបស់រដ្ឋាភិបាលនៅសង្កាត់
Khormaksar
របស់ទីក្រុង អាដេន ក៏ដូចជាស្ថាប័នរដ្ឋាភិបាលផ្សេងទៀតនៅអាដេន។

យោងតាមសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា រថពាសដែក រថក្រោះនិងឃ្លាំងសម្ងាត់អាវុធជាច្រើនដែលជារបស់រដ្ឋាភិបាលត្រូវបានរឹបអូសយកបានដោយកងកំលាំង STC ដែលដាក់ពង្រាយនៅក្នុងតំបន់នេះ។

មន្រ្តីយោធាម្នាក់បានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងរបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានទម្លាក់គ្រាប់បែកទៅលើក្រុមជ្រុលនិយម ដែលកំពុងធ្វើដំណើរពីខេត្ត Abyan ដែលនៅជិតខាងដើម្បីប្រយុទ្ធប្រឆាំងនឹងកងកំលាំង STC ។

មន្ត្រីនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “ការវាយប្រហារតាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានវាយប្រហារទៅលើក្បួនរថយន្តដឹកសមាសភាពក្រុម ភេរវករ និងពួកអ៊ីស្លាមដែលកំពុងធ្វើដំណើរទៅប្រយុទ្ធនឹងកង STC ដែលដើរតួក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម” ។

កន្លែងផ្សេងទៀត នៅក្រុង អាដេន ការប្រឈមមុខដាក់គ្នាដោយអាវុធនៅតែបន្តកើតមានរវាងគូប្រជែងសង្គ្រាមទាំងពីរ ស្ថិត​នៅជុំវិញវិមានប្រធានាធិបតីនៅសង្កាត់ Crater ។

យោងតាមប្រភពព័ត៌មានក្នុងតំបន់បានអោយដឹងថាកម្លាំងរបស់ STC បានបង្កើនការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងវិមានដែលមានការយាមកាមយ៉ាងល្អនៅពេលដែលកងកម្លាំងរដ្ឋាភិបាលបានបដិសេធមិនចុះចាញ់ ឬចាកចេញពីតំបន់នោះ។

ការផ្ទុះនានាត្រូវបានគេឮ នៅក្នុង និងជុំវិញសង្កាត់ Crater ដែលមានប្រជាជនរស់នៅយ៉ាងច្រើន និងជាមូលដ្ឋានចុងក្រោយរបស់រដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត។

អង្គភាពសន្តិសុខពិសេសមួយចំនួនរបស់រដ្ឋាភិបាលបានចុះចាញ់កងកម្លាំងរបស់ STC ដោយសន្តិវិធីគ្មានការប្រឈមមុខដាក់គ្នាដោយអាវុធ និងបានប្រកាសភាពស្មោះត្រង់ចំពោះក្រុមប្រឹក្សាភាគខាងត្បូងដែលមានមូលដ្ឋាននៅទីក្រុង​អាដេន។

ប្រភពពីអាជ្ញាធរក្នុងតំបន់បាននិយាយថា កម្លាំងរបស់ STC បានវាយលុកអគារលំនៅដ្ឋានរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Ahmed Maisry ដែលបានរត់គេចខ្លួន ដោយប្រើរថពាសដែកឆ្ពោះទៅទីស្នាក់ការកណ្តាលនៃកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅទីក្រុង Aden ។

ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅពេលមេដឹកនាំជាន់ខ្ពស់របស់ STC បានចោទប្រកាន់រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតថា បានគាំទ្រក្រុមអ៊ិស្លាមនិយម និងការបែកធ្លាយព័ត៌មានទៅក្រុម ហូធី ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានតម្រង់គោលដៅទៅលើមូលដ្ឋានទ័ពមួយនៅក្រុងអាដេនកាលពីសប្តាហ៍មុន ដោយបានសម្លាប់ទាហានជាច្រើននាក់ រួមទាំងមេបញ្ជាការផង។

ក្រុម​STC បានគំរាម“ រឹបអូសវិមានប្រធានាធិបតីនិងបណ្តេញសមាជិកទាំងអស់នៃរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតដែលមានទំនាក់ទំនងជាមួយគណបក្សភាតរភាពមូស្លីម” ។

រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយថា​ពួក STC ជាអ្នក​ទទួលខុសត្រូវទាំងស្រុងចំពោះអស្ថិរភាព នៃស្ថានការណ៍នៅ អាដេន និងបង្កបញ្ហានៅក្នុងតំបន់ភាគខាងត្បូង។

កាលពីថ្ងៃពុធប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែនលោក ម៉ាទីនហ្គ្រីហ្វីត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងយោធានៅទីក្រុងអាដេន និងបានអំពាវនាវឱ្យភាគីដែលពាក់ព័ន្ធបោះបង់ចោលអំពើហឹង្សានិងចូលរួមការសន្ទនាគ្នាដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា។

ចាត់ទុកថា ជារដ្ឋធានីបណ្តោះអាសន្ននៅយេម៉ែន ទីក្រុង​អាដេន គឺជាកន្លែងដែលរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីត ធ្វើជាមានមូលដ្ឋានរបស់ខ្លួនតាំងពីឆ្នាំ ២០១៥ ។

ប្រទេសអារ៉ាប់ក្រីក្រមួយនេះបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាម Houthi បានវាយដណ្តើមកាន់កាប់ផ្នែកជាច្រើន និងបានដណ្តើមកាន់កាប់ខេត្តភាគខាងជើងទាំងអស់រួមទាំងរដ្ឋធានីសាណាផងដែរ​៕ សុរ្ម័ន

Loading...