កងកម្លាំង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្វើ​សមរភូមិ​ដើម្បី​ដណ្តើម​រដ្ឋធានី​មក​វិញ​ពី​ក្រុម​ឧទ្ទាម​លី​បង់​

​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ឆ្នាំ​២០១៥​ កងទ័ព​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ដោយ​មាន​ជំនួយ​ពី​ដែនអាកាស​របស់​កងទ័ព​អា​មេ​រិ​ក​ផង​បាន​ធ្វើ​សមរភូមិ​ដើម្បី​ដណ្តើម​គ្រង់​គ្រង​ទីក្រុង​Kunduz​ ឡើង​វិញ​ពី​ក្រុម​ឧទ្ទាម​លី​បង់​ បន្ទាប់​ពី​មួយ​ថ្ងៃ​ដែល​ក្រុម​ឧទ្ទាម​នេះ​បាន​វាយប្រហារ​កាន់កាប់​ទីក្រុង​ប្រកបដោយ​យុទ្ធសាស្ត្រ​ស្ថិត​នៅ​ភាគ​ ខាងជើង​ដ៏​ធំ​មួយ​នេះ​ ដែល​ជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ពួក​គេ​ ក្រោយ​ត្រូវ​បណ្តេញ​ចេញពី​អំណាច​កាលពី​ឆ្នាំ​២០០១​កន្លង​មក​នោះ​ ។​

​ក្រុម​ឧទ្ទាម​បាន​វាយប្រហារ​ចូល​គ្រប់គ្រង​ដល់​អាកាសយានដ្ឋាន​ ប៉ុន្តែ​កងកម្លាំង​រដ្ឋាភិបាល​បាន​វាយប្រហារ​រុញច្រាន​បណ្តេញ​ទៅ​វិញ​ ។​ ការ​ប្រើ​កាំភ្លើង​ធំ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ពេល​នេះ​ ។​

​កាលពី​ថ្ងៃ​ចន្ទ​ ក្រុម​ឧទ្ទាម​លី​បង់​បាន​វាយប្រហារ​កាន់កាប់​អគារ​រដ្ឋាភិបាល​ និង​ដោះ​លែង​អ្នកទោស​ជា​ច្រើន​រយ​នាក់​ ព្រមទាំង​លើក​ទង់ជាតិ​របស់​ពួក​គេ​នៅ​ទូ​ទាំង​រដ្ឋធានី​តែ​ម្តង​ ។​

​ការ​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​នាក់​រត់​ភៀសខ្លួន​ ក៏​ដូច​ជា​ការ​សាកល្បង​ដល់​សមត្ថភាព​របស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ទទួល​បានការ​ហ្វឹកហាត់​ពី​កងទ័ព​អង្គការ​ណា​តូ​នោះ​ថា​ តើ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដែរ​ឬទេ​ ។​ ដោយ​មូលហេតុ​នេះ​ហើយ​កងកម្លាំង​សន្តិសុខ​ក៏​បាន​ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ណ​បណ្តេញ​ក្រុម​ឧទ្ទាម​ទាំងនោះ​វិញ​ ។​

​អង្គការ​ណា​តូ​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ក្បោះក្បាយ​នោះ​អះអាង​ថា​ កងកម្លាំង​អា​មេ​រិ​កបាន​វាយ​ព្រ​ហារ​ពីលើ​ដែនអាកាស​ទៅ​លើ​ខេត្ត​ Kunduz​ នោះ​ ។​ ការ​ខាតបង់​ច្បាស់លាស់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ ។​ ប៉ុន្តែ​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រចាំ​នៅ​តំបន់​ Kunduz​ នោះ​បញ្ជាក់​ថា​ ខាង​មន្ទីរពេទ្យ​បាន​ទទួល​សាកសព​១៦​នាក់​ និង​អ្នក​រង​របួស​ជាង​១៩០​នាក់​ ។​

​បើ​ទោះបី​មានការ​វាយប្រហារ​ពីលើ​ដែនអាកាស​ក៏​ពិតមែន​ ប៉ុន្តែ​តំបន់​ Kunduz​ នោះ​ ដោយ​ផ្នែក​ច្រើន​ នៅ​តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​លី​បង់​ជា​ដដែល​ ។​ ក្រុម​នេះ​បាន​លួច​យក​រថយន្ត​ប៉ូលិស​ប្រើប្រាស់​ ព្រមទាំង​រថយន្ត​របស់​កាកបាទក្រហម​ផង​ដែរ​ ។​

​នៅ​ក្នុង​ខ្សែ​វី​ដូ​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​ឧទ្ទាម​លី​បង់​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្រុម​ឧទ្ទាម​បាន​រិ​ប​អូស​រថពាសដែក​ និង​រថយន្ត​កាំភ្លើងត្បាល​ ព្រមទាំង​ស្រែក​ពាក្យស្លោក​ពួក​គេ​ដែល​ថា​ Allahu​ Akbar​ មាន​ន័យ​ព្រះ​ដ៏​អស្ចារ្យ​ ។​ ពួក​គេ​បាន​សន្យា​ថា​ នឹង​អនុវត្ត​ច្បាប់​អិ​ស្លា​ម​ sharia​ ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​ថែម​ទៀត​ផង​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ បាន​រាយការណ៍​ពី​កន្លែង​កើតហេតុ​នោះ​ថា​ ក្រុម​ឧទ្ទាម​លី​បង់​បាន​រុលចូល​មក​ជិត​ដល់​ព្រ​លាន​យន្តហោះ​ក្នុង​តំបន់​នោះ​ហើយ​កាលពី​រសៀល​ ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​បាន​ដកថយ​ក្រោយ​ទៅ​វិញ​ដោយសារ​តែ​មានការ​ទម្លាក់​គ្រាប់បែក​ពីលើ​ដែនអាកាស​ ។​

​ឧ​ប​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ayoub​ Salangi​ បាន​ថ្លែង​ថា​ កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​សមរភូមិ​ដណ្តើម​គ្រប់គ្រង​ទីក្រុង​នេះ​មក​វិញ​ ព្រមទាំង​ស៊ើបអង្កេត​ទៅ​លើ​ថា​ តើ​ក្រុម​ឧទ្ទាម​លី​បង់​រៀបចំ​វិធីសាស្ត្រ​យ៉ាងដូចម្តេច​ដែល​ឈាន​ដល់​គ្រប់គ្រង​បាន​ទីក្រុង​ដ៏​សំខាន់​មួយ​នេះ​ ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​មក​នោះ​?​

​ក្រសួងការពារជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​អះអាង​ថា​ ស្នងការ​ប៉ូលិស​ក្នុង​តំបន់​ ព្រមទាំង​មេ​គុក​ផង​ដែរ​ត្រូវ​ចាប់ខ្លួន​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​លួច​ទៅ​ដោះ​លែង​ក្រុម​អ្នកទោស​រាប់រយ​នាក់​ ក្នុង​នោះ​មាន​ទាំង​មេ​បញ្ជា​ ការ​ក្រុម​ឧទ្ទាម​លី​បង់​ផង​ដែរ​នោះ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​នេះ​ អគារ​រដ្ឋាភិបាល​ច្រើន​ទីតាំង​ រួម​ទាំង​មន្ទីរពេទ្យ​ក្នុង​តំបន់​ ២០០​បន្ទប់​ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​នៅឡើយ​ ។​

​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​ លោក​ Ashraf​ Ghani​ បាន​បញ្ជាក់​ថា​ ក្រុម​ឧទ្ទាម​លី​បង់​បាន​ប្រើប្រាស់​ជន​ស៊ី​វិល​ធ្វើ​ជា​ខែល​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លំបាក​ដល់​កងកម្លាំង​សន្តិសុខ​នៅ​ក្នុង​ប្រតិបត្តិការ​តបត​នោះ​ ។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​អន្តរជាតិ​បាន​បញ្ជាក់​ដែរ​ថា​ ក្រុម​ឧទ្ទាម​លី​បង់​បាន​ពួន​ខ្លួន​នៅ​ក្នុង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ និង​ស្វែងរក​ពី​ផ្ទះ​មួយ​ទៅ​កាន់​ផ្ទះ​មួយទៀត​រុករក​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​ ក៏​ដូច​បុគ្គលិក​រដ្ឋ​ ។​

​លោកស្រី​ Sadiqa​ Sherza​ អគ្គ​នាយិកា​វិទ្យុ​ Roshani​ ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ផ្តោត​ទៅ​លើ​បញ្ហា​ស្ត្រី​នោះ​ បាន​បញ្ជាក់​ថា​ «​យើង​មានការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​រស់នៅ​ក្នុងផ្ទះ​នោះ​ឡើយ​ ។​ យើង​ខ្លាច​ការ​ធ្វើ​ទារុណកម្ម​ ពី​ក្រុម​តា​លី​បង់​ ។​ យើង​គ្មាន​អគ្គិសនី​ប្រើប្រាស់​ គ្មាន​ប្រព័ន្ធ​ទឹក​ ហាង​លក់ទំនិញ​ទាំងអស់​ត្រូវ​បាន​បិទ​»​។​ លោកស្រី​បន្ថែម​ថា​ ក្រុម​ឧទ្ទាម​បាន​ដុត​បំផ្លាញ​ស្ថានីយ​វិទ្យុ​ចោល​ ។​

​ក្រុម​ឧទ្ទាម​លី​បង់​បាន​ចូល​ក្នុង​ទីក្រុង​ Kunduz​ ក្នុង​រយៈពេល​៩​ខែ​គត់​ បន្ទាប់​ពី​អង្គការ​ណា​តូ​បាន​បញ្ចប់​បេសកកម្ម​ភាព​របស់​ខ្លួន​ ហើយ​ប្រគល់​បញ្ហា​រក្សា​សន្តិសុខ​នេះ​ទៅ​ឲ្យ​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​អ្នក​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​នោះ​ ៕​

 

0929kunduz01 1013484295 1443541102727

Loading...

Leave a Reply

Your email address will not be published. Required fields are marked *