កងទ័ពប្រចាំតំបន់ព្រំដែនកម្ពុជា-ថៃប្តេជ្ញាការពារនិងទប់ស្កាត់ការធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពវរៈសេនាតូចលេខ៤០៥ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសិករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្តេជ្ញាថានឹងការពារមិនឲ្យបដិវត្តន៍ពណ៌ កើតមាននៅកម្ពុជានោះជាដាច់ខាត ។

ការប្តេជ្ញានោះ គឺបានធ្វើឡើងកាលពីបំណាច់ខែតុលាឆ្នាំ២០១៧ នៅតំបន់ព្រំដែនបុស្សស្បូវ នៃទីបញ្ជាការវរៈសេនាតូចលេខ៤០៥ គ្រាដែលមេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា ចុះផ្សព្វផ្សាយអំពីសភាបការណ៍ដែលបានកើតឡើងថ្មីៗកន្លងមកនេះ ដល់នាយទាហាន និងពលទាហានព្រំដែន ជុំវិញចំណាត់ការរបស់រាជរដ្ឋាភិបាល ទៅលើក្រុមអគតិមួយចំនួន ដែលមានបំណងបង្កើតបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ។

មេបញ្ជាការតំបន់ប្រតិបត្តិការសិករងព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភ័ក្ត្រា លោកបានធ្វើការផ្សព្វផ្សាយ និងពន្យល់ដល់កម្លាំងយោធាការពារព្រំដែនទាំងអស់ ឲ្យបានយល់ច្បាស់ អំពី ការនិវត្តន៍នៃសភាពការណ៍ ដែលបានកើតឡើងនៅពេលថ្មីៗកន្លងមកនេះ ហើយរហូតអស់ការអត់ធ្មត់ រាជរដ្ឋាភិបាល បានចាត់វិធានការទៅលើក្រុមប្រឆាំង ដែលប៉ុនប៉ងធ្វើបដិវត្តន៍ តាមគោលការណ៍បរទេស ដើម្បីផ្តួលលំរំ និងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីកម្ពុជា ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាស់ស្មារតីកងទ័ពទាំងអស់ ត្រូវតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច មិនត្រូវជឿតាមការញុះញង់របស់ក្រុមប្រតិកិរិយា ឲ្យងាកក្រោយបែរខ្នងមកតតាំងជាមួយ រាជរដ្ឋាភិបាល នោះជាដាច់ខាត ។ លោកថា កងទ័ពមានកាតព្វកិច្ចការពារខឿនឯករាជ្យជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ត្រូវតែការពារឲ្យបានដាច់ខាត រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ។

លោកឧត្តមសេនីយ៍មេបញ្ជាការសិករងខេត្ត បានបញ្ជាក់ថា ក្រៅពីកិច្ចការងារសំខាន់ៗទាំងអស់នេះ កងទ័ពត្រូវតែឈរលើភាពស្មោះត្រង់ ហើយចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេស ត្រូវទប់ស្កាត់ឲ្យខាងតែបាន នូវការលួចឆ្លងដែនស្វែងរកកាប់ឈើក្រញូងដោយខុសច្បាប់ ពីសំណាក់ពលករចំណាក់ស្រុក ទប់ស្កាត់ និងបង្ក្រាបរាល់អំពើវិច្ឆេទកម្ម ការបះបោរ និងការប្រមូលផ្តុំខុសប្រក្រតី និងកងទ័ពត្រូវមានសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ស្តាប់មេបញ្ជា ដើម្បីអនុវត្តតាមផែនការណ៍ ដែលថ្នាក់លើដាក់ចុះ ។ បន្ទាប់មក លោកឧត្តមសេនីយ៍ បានឧបត្ថម្ភមី២កេះ ទឹកត្រូច២កេះ ត្រីខកំប៉ុង២កេះ និងថវិកា៥០ម៉ឺនរៀល ដល់កងកម្លាំងយោធាការពារព្រំដែនកម្ពុជា និងថៃ ឈរជើងនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ៕

Loading...