កងទ័ពរដ្ឋាភិបាលស្របច្បាប់យេមែនដណ្តើមបានខេត្តភាគខាងត្បូងគ្រប់គ្រងឡើងវិញ

កម្លាំងកងទ័ពស្មោះត្រង់រដ្ឋាភិបាលស្របច្បាប់យេមែនបានដណ្តើមគ្រប់គ្រងខេត្តទី៥ស្ថិតនៅភាគខាងត្បូងយេមែនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ដែលជាផ្លែផ្កានាពេលថ្មីៗនេះក្នុងសកម្មភាពប្រឆាំងជាមួយក្រុមឧទ្ទាមស៊ីអ៊ីដគាំទ្រដោយអ៊ីរ៉ង់ ហើយដែលកំពុងគ្រប់គ្រងរដ្ឋធានីនៅឡើយនោះ ។

កងកម្លាំងគាំទ្ររដ្ឋាភិបាលនិរទ្ទេសខ្លួនរបស់ប្រធានាធិបតី Abedrabbo Mansour Hadi ត្រូវទទួលបានជំនួយជាកងទ័ព និងសម្ភារដទៃផ្សេងទៀតពីប្រទេសអ្នកមានស្ថិតនៅជិតឈូងសមុទ្រយេមែន ខណៈដែលយន្តហោះចម្បាំងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតផ្លោងពីលើដែនអាកាសទៅលើគោលដៅក្រុមឧទ្ទាម ។

ប្រភពបីមន្ត្រីយោធាម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមឧទ្ទាមបានប្រគល់ការគ្រប់គ្រងខេត្ត Shabwa មកឲ្យកងកម្លាំងរដ្ឋាភិបាល ហើយពួកគេបានសុខចិត្តដកថយជាថ្នូរសុវត្ថិភាពនៅតាមផ្លូវចាកចេញពីខេត្តនេះ ។ ប្រភពដទៃផ្សេងទៀតក៏បានបញ្ជាក់អះអាងស្រដៀងគ្នានេះដែរ ។

លោក Salem al-Awlaqi សកម្មជននយោបាយនៅក្នុងខេត្ត Shabwa បានថ្លែងថា គេបានប្រគល់ខេត្តនេះរួចហើយទៅឲ្យក្រុមចលនាភាគខាងត្បូង ដែលជាចលនាក្រុមសកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាម និងជាក្រុមដែលគាំទ្ររដ្ឋាភិបាលនិរទេសខ្លួន ។
មន្ត្រីបានលើកឡើងដែរថា អភិបាលខេត្តShabwa ដែលជាអ្នកគាំទ្រក្រុមឧទ្ទាម និងជាអ្នកផ្តល់ជំនួយប្រេងយ៉ាងសំខាន់នោះបានរត់ចាកចេញពីខេត្តនេះហើយផងដែរ ខណៈដែលកងទ័ពស្មោះត្រង់រដ្ឋាភិបាលស្របច្បាប់ចាប់ផ្តើមចូលដល់ខេត្ត Shabwa ។ កម្លាំងស្មោះត្រង់រដ្ឋាភិបាលក៏បានបន្ទោសទៅលើក្រុមឧទ្ទាមដែរថា មុនពេលពួកគេចាកចេញទៅ ពួកគេបានបំផ្លិចបំផ្លាញអគ្គាររដ្ឋាភិបាលបណ្តាលឲ្យខូចខាតយ៉ាងដំណំ ដូចដែលពួកគេធ្លាប់ធ្វើនៅតាមបណ្តាខេត្តដទៃទៀតអីចឹងដែរ ។

នៅពេលដែលក្រុមឧទ្ទាមចាប់ផ្តើមចូលលុកលុយខេត្តBaidaដែលជាខេត្តជិតខាងនោះ ត្រូវយន្តហោះចម្បាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានវាយប្រហារទៅលើក្បួនរបស់ពួកគេធ្វើឲ្យខូចខាតរថយន្ត១៣គ្រឿង និងបណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើននាក់ ។ នេះបើតាមប្រភពពីមន្ត្រីយោធា ។ ប្រភពមិនបានផ្តល់ព័ត៌មាននោះទេថា ក្នុងហេតុការណ៍នេះបណ្តាលឲ្យបាត់បង់ជីវិតប៉ុន្មាននាក់នោះ ។ ក្រុមឧទ្ទាកម្រទទួលស្គាល់ការបរាជ័យរបស់ខ្លួនខ្លាំងណាស់ ។

កងទ័ពស្មោះត្រង់រដ្ឋាភិបាលយេមែនស្ថិតនៅភាគខាងត្បូងបានធ្វើសកម្មភាពវាយប្រហារកាលពីខែមុននេះប្រឆាំងទៅលើក្រុមឧទ្ទាម និងបង្ខំឲ្យក្រុមនេះបោះបង់ចាកចេញពីទីក្រុងអាដេន ។ កងកម្លាំងស្មោះត្រង់បានដណ្តើមគ្រប់គ្រងខេត្ត Daleh, Lahj និង ខេត្ត Abyan ដ៏មានសារសំខាន់ ។ គោលដៅបន្ទាប់ទៀតរបស់កងទ័ពរដ្ឋាភិបាលគឺឆ្ពោះទៅកាន់ទីក្រុងទី៣ Taez ស្ថិតនៅភាគនិរតីទីក្រុងសាណា ហើយដែលទីតាំងមានសារសំខាន់ និងជាផ្លូវមួយឆ្ពោះទៅកាន់រដ្ឋធានី បន្ទាប់ពីត្រូវក្រុមឧទ្ទាមចូលកាន់កាប់កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងមកនោះ ។

ក្រោយពីក្រុមឧទ្ទាមបានដណ្តើមកាន់កាប់ទីក្រុងសាណា ដោយគ្មានការប្រឆាំងរារាំងនោះ ក្រុមឧទ្ទាមហ៊ូទីបានឆ្ពោះទៅគ្រប់គ្រងទីក្រុងអាដេនថែមទៀតកាលពីខែមីនា ឆ្នាំ២០១៥ ជាហេតុធ្វើឲ្យមានការអន្តរាគមន៍ជាបន្ទាន់ពីសំណាក់កងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតក្នុងគោលបំណងបោសសម្អាតក្រុមឧទ្ទាម និងប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលប្រធានាធិបតី Hadi ឡើងវិញ។ កងកម្លាំងស្មោះត្រង់អតីតប្រធានាធិបតី Ali Abdullah Saleh បានចូលរួមសកម្មភាពជាមួយក្រុមឧទ្ទាមវាយប្រហារមកលើកងទ័ពរដ្ឋាភិបាលស្របច្បាប់ផងដែរ ៕

yemen rogal

yemen-conflict-4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *