កងទ័ពអ៊ីរ៉ាក់អះអាងថា ការវាយប្រហារតាមអាកាសរបស់អាមេរិកសម្លាប់កម្លាំងសន្តិសុខ ៥ នាក់ជនស៊ីវិលម្នាក់

យោធាអ៊ីរ៉ាក់បានបញ្ជាក់ថា សមាជិកកម្លាំងសន្តិសុខ ៥ នាក់ និងជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃទី១៤ ខែមីនា នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ។

អាមេរិកបានវាយប្រហារជាច្រើនម៉ោង បន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានសម្លាប់ និងធ្វើឱ្យទាហានអាមេរិក និងអង់គ្លេស រងរបួសនៅមូលដ្ឋានយោធានៅភាគខាងជើងទីក្រុងបាកដាត ប្រទេសអ៊ីរ៉ាក់ថ្មីៗកន្លងមកនេះ។

ក្រុមជីវពល ស៊ីអ៊ីត ដែលគាំទ្រដោយអ៊ីរ៉ង់បានប្តេជ្ញាសងសឹកដ៏ស័ក្តិសមជាទីបំផុតចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញអំពីវដ្តនៃអំពើហឹង្សាមួយតទៅទៀត រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់នៅលើទឹកដីអ៊ីរ៉ាក់។

ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានអះអាងថា គោលដៅដែលវាយប្រហារតាមអាកាស គឺភាគច្រើនជាទីតាំងឃ្លាំងអាវុធកម្មសិទ្ធិរបស់ក្រុម Kataib Hezbollah ជាក្រុមជីវពល ដែលគេជឿថា ទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃពុធ មកលើលើមូលដ្ឋាន កងទ័ពសហរដ្ឋអាមេរិក Taji នៅក្នុងទឹកដីអ៊ីរ៉ាក់។

ទោះយ៉ាងណា យោធាអ៊ីរ៉ាក់បានអះអាងថាការវាយប្រហារបានសម្លាប់កងកុម្ម៉ង់ដូកងទ័ពអ៊ីរ៉ាក់ ៣ នាក់ និងមន្រ្តីប៉ូលីសសហព័ន្ធ ២ នាក់។

ក្រុមនិកាយស៊ីអ៊ីត នៅទីក្រុង Karbala បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អាមេរិក បណ្ដាលឲ្យស្លាប់ជនស៊ីវិលម្នាក់ផងដែរ នៅក្នុងអាកាសយានដ្ឋាន ខណៈកំពុងសាងសង់សំណង់ ។

ដីក្រហូងគម្លាតមួយបានលេចឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនៅខាងក្រៅអាកាសយានដ្ឋានទីក្រុង Karbala ។ កម្លាំងអ៊ីរ៉ាក់បានចុះត្រួតពិនិត្យតំបន់មួយ ដែលគ្របដណ្តប់ដោយកញ្ចក់ និងកម្ទេចកម្ទីនោះផងដែរ។

ក្រុមជីវពល Kataib Hezbollah មិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការវាយប្រហារតាមអាកាសនោះទេ។ ប៉ុន្តែសេចក្តីថ្លែងការណ៍កាលពីថ្ងៃទឋោ១៣ ខែមីនា បានអោយដឹងថា Hara Hara Hezbollah al-Nujaba ដែលជាក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ ហើយត្រូវបានចាត់ទុកជាអង្គការភេរវករដោយសហរដ្ឋអាមេរិកនោះ បានប្តេជ្ញាសងសឹក គឺវាយបកទៅលើទីតាំងរបស់អាមេរិកវិញឲ្យបានស័ក្តិសមបំផុត។

សេចក្តីថ្លែងការណ៍យោធាអ៊ីរ៉ាក់ក៏បានបញ្ជាក់ផងដែរថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនេះ នៅបាន បណ្ដាលឱ្យសមាជិកកងជីវពលចំនួន ៥ នាក់ទៀតរងរបួស ។

ពួកគេជាសមាជិកក្រុមចលនាចល័តប្រជាប្រិយ ដែលជាដំបូលឆ័ត្រមួយ របស់ក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់មួយចំនួន ដែលពួកគេខ្លះគាំទ្រដោយអ៊ីរ៉ង់ ។

ការវាយប្រហារកាលពីថ្ងៃពុធ ទៅលើជំរុំ Taji គឺជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងគោលដៅ ទៅលើកងទ័ពអាមេរិក ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតមួយលើកនៅចុងខែធ្នូ ទៅលើមូលដ្ឋានអ៊ីរ៉ាក់ដែលបានសម្លាប់អ្នកម៉ៅការអាមេរិក ហើយបានធ្វើ
ឱ្យមានការវាយប្រហារជាបន្តបន្ទាប់ ហើយកំពុងទាញអ៊ីរ៉ាក់ ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមជាថ្មី ៕ សុមេធ

Loading...