កងពលតូចថ្មើរជើងលេខ៤១ ត្រៀមកម្លាំងច្រើនរយនាក់ចល័តដឹកពលករខ្មែរ ដែលមកពីថៃចូលកម្ពុជា តាមច្រកជាំ ស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ អង្គភាពកងពលតូចថ្មើជើងលេខ៤១ បានត្រៀមកម្លាំងជាង ៥០០នាក់ ក្នុងនោះជាង ៥០នាក់ ដើម្បីរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដល់ពលករខ្មែ ដែលអាចធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកជាំសាង៉ាំ ដែលការរៀបចំទីតាំងនោះ បាធ្វើឡើងកាលពីយប់ថ្ងៃទី២១ធ្នូឆ្នាំ២០២០។

នាយសេនាធិការរង កងពលតូចថ្មើរជើងលេខ៤១ លោកវរសេនីយ៍ទោ ស្រូយ សុភា បានប្រាប់អ្នកសារព័ត៌មានថា ការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ដល់ពលករខ្មែរ ដែលអាចមកពីប្រទេសថៃ ចូលតាមច្រកជាំសាង៉ាំ នាពេលនេះ គឺបានអនុវត្តតាមបទបញ្ជារបស់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោកឧត្តមសេនីយ៍ទោ នាង ឃីម ដោយត្រូវចាត់កម្លាំងកងទ័ព ៥៤នាក់ ដឹកនាំដោយលោកផ្ទាល់ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ កំណត់យកទីតាំងសាលាបឋមសិក្សាអន្លង់វែង ស្ថិតឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ពលករខ្មែរ។ លោកស្រូយ សុភា បានបញ្ជាក់ថា ការចល័តកម្លាំងត្រៀមជួយអន្តរាគមន៍នៅក្នុងពេលនេះ គឺបានធ្វើឡើងតាមការអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ,ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពជើងគោក ហើយកងពលតូចថ្មើរជើងលេខ៤១ បានត្រៀមកម្លាំងកងទ័ពជាង ៥០០នាក់ និងរថយន្ត ៣០គ្រឿង រង់ចាំទទួលពលរដ្ឋខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកអន្តរជាតិជាំ ដើម្បីនាំយកពួកគាត់ទៅធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២១ធ្នូ រហូតមកដល់ថ្ងៃទី២២ ធ្នូ ឆ្នាំ២០២០ នេះ ពុំទាន់មានពលករខ្មែរ ត្រឡប់មកពីប្រទេសថៃ តាមច្រកជាំនៅឡើយទេ។ បើទោះបីជាស្ថានភាពនៃការផ្ទុះឡើង នូវការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃក្តី ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពចេញរថយន្ត ទៅដឹកជញ្ជូនពលរដ្ឋខ្មែរ ដោយមិនអនុញ្ញាតិឱ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យមេរោគកូវីដ-១៩ ឆ្លងចូលសហគមន៍៕

Loading...