កងពលតូចទ័ពពិសេសឆត្រយោង៩១១ ត្រូវបានរាជរដ្ឋាភិបាល កែសម្រួលទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក

(ខេត្តកំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាក់ការកងទ័ពជើងគោក បានអញើ្ជញជាអធិបតី ក្នុងពិធីប្រកាសជាផ្លូវការនៃការកែសម្រួលកងពលតូចទ័ពពិសេសឆត្រយោង៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក និងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ, វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូ ជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបរ-ជួសជុលអូប័រ និងរបៀបសង្គ្រោះ ជំនាន់ទី៤កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាក់ការកងទ័ពជើងគោក  បានសម្តែងនូវការចូលរួមអបអរសាទរ ចំពោះកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល សម្រេចកែសម្រួលតម្លើងទៅជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ នេះ គឺជាជំហានថ្មីមួយទៀតប្រកបដោយមោទនភាពសម្រាប់កងយោធពលខេមរភូមិន្ទ, សម្រាប់កងទ័ពជើងគោក ក៏ដូចជាសម្រាប់កងពលតូចទ័ពពិសេសឆត្រយោង៩១១ផ្ទាល់ ហើយក៏បានបង្ហាញឱ្យឃើញការទទួលស្គាល់សមត្ថភាព, ឆន្ទៈ និងការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចកន្លងមករបស់យោធិនទូទាំងអង្គភាព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កងពលតូចទ័ពពិសេសឆត្រយោង៩១១ បានស្ថិតក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយទទួលបានការកែសម្រួលផ្តើមពីកងអនុសេនាធំកងទ័ពឆត្រយោងក្នុងឆ្នាំ១៩៤៨ និងបានក្លាយជាកងវរសេនាធំនៅក្នុងឆ្នាំ១៩៩៥ និងជាកងពលតូចនៅក្នុងឆ្នាំ១៩៩៩ ហើយបានក្លាយជាបញ្ជាការដ្ឋានទ័ពពិសេសក្នុងឆ្នាំ២០២០នេះ ដែលជាឆ្នាំពិសេសមួយ ព្រោះជាមួយនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំជាកងអន្តរាគមន៍ក្នុងកម្រិតរចនាសម្ព័ន្ធចាត់តាំងថ្មី កងពលក៏ទទួលបាននូវការបំពាក់ឯកសណ្ឋានថ្មី ដែលរចនាដោយនាយទាហានរបស់អង្គភាពផ្ទាល់។ ប៉ុន្តែបេសកកម្ម គឺនៅដដែល គឺការហ្វឹកហ្វឺនពង្រឹងកម្លាំង និងត្រៀមអនុវត្តបទបញ្ជា ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ក៏ដូចជាការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ។ សំខាន់ផងដែរនោះ គឺក្នុងនាមជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក ដែលទទួលភារកិច្ចជាទ័ពជំនាញ អង្គភាពធ្វើការហ្វឹកហ្វឺនជំនាញទ័ពពិសេសមិនមែនតែនៅក្នុងក្របខ័ណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែអង្គភាពក៏មានភារកិច្ចបណ្តុះបណ្តាលកសាងសមត្ថភាពលើជំនាញនេះសម្រាប់ទូទាំងកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូលតែម្តង រួមទាំងកងនគរបាលជាតិផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់រយៈពេលវែង កំណែទម្រង់កងទ័ពត្រូវផ្អែកលើមូលដ្ឋានជាតិនិយម ក្នុងនោះ ទីមួយត្រូវថែរក្សានូវស្មារតីឆន្ទៈសេ្នហាជាតិ, ការពារ ជាតិ សាសនា ព្រះមហាក្សត្រ, ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពជាតិ ឯទីពីរ ត្រូវធានាឱ្យបាននូវសមត្ថភាពម្ចាស់ការលើការបំពាក់ និងការហ្វឹកហ្វឺន។ ចក្ខុវិស័យរបស់កងទ័ពជើងគោកក្នុងការកែទម្រង់ គឺការហ្វឹកហ្វឺនត្រូវធ្វើជាជំហានៗ ជាពិសេសការហ្វឹកហ្វឺនទ័ពជំនាញ ហើយត្រូវប្រមូលផ្តុំពីលើចុះក្រោម ឱ្យសមស្របនឹងធនធានរបស់យើង ស្របនឹងអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសខួប ២០ ឆ្នាំ បង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលតម្រូវឱ្យពង្រឹងការហ្វឹកហ្វឺន និងបង្កើនសមត្ថភាពលើគ្រប់ផ្នែក។ 

លោកបន្តថា ក្នុងទិសដៅនេះ ការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនទ័ពពិសេស គឺស្ថិតនៅក្នុងផែនការ និងចក្ខុវិស័យនៃការពង្រឹង និងកំណែទម្រង់ ដើម្បីឈានទៅភាពម្ចាស់ការក្នុងការធានាបាននូវនិរន្តរភាពនៃការហ្វឹកហ្វឺនលើជំនាញទ័ពពិសេសនៅក្នុងកងយោធពលខេមរភូមិន្ទ។ និរន្តរភាពនៃការផ្ទេរចំណេះជំនាញ និងសមត្ថភាព គ្មានអ្វីក្រៅពីការពង្រឹងយោធាចារ្យ និងសាលានោះទេ។ ដូច្នេះ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ, កម្មវិធីសិក្សា និងយោធាចារ្យ គឺជាកិច្ចការសំខាន់។ ទាំងនេះ គឺការវិនិយោគរយៈពេលវែង ជាការកសាងមូលដ្ឋានជាជំហានៗ សំដៅធានានិរន្តរភាព។

បើតាមលោកឧត្តមសេនីយ៍ឯកមេបញ្ជាក់ការកងទ័ពជើងគោកបានគូសបញ្ជាក់ថា នៅក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយ ការហ្វឹកហ្វឺនក៏ជាកិច្ចការសំខាន់ផងដែរ ជាពិសេស ឆ្លងតាមបទពិសោធន៍កន្លងមក ការផ្សារភ្ជាប់ពីការហ្វឹកហ្វឺនទៅនឹងការពិត គឺជាកត្តាចំបាច់ ដើម្បីបង្កើតនូវភាពក្លាហាន និងភាពថ្នឹកប៉ិនប្រសប់។ សូមថែ្លងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះការខិតខំប្រឹងប្រែងផ្ទាល់របស់សម្តេច និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានខិតខំយកចិត្តទុកដាក់ផ្តល់អាទិភាពខ្លាំងដល់ការរៀបចំកម្លាំង, ការហ្វឹកហ្វឺនកម្លាំង និងការបំពាក់សម្ភារៈបម្រើឱ្យការងារជួយសង្គ្រោះគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ មួយវិនាទីណាក៏សំខាន់សម្រាប់ការជួយសង្គ្រោះអាយុជីវិតដែរ។ ដូច្នេះ ទន្ទឹមនឹងការការពារជាតិ ការពារសុខសន្តិភាព ដែលជាភារកិច្ចស្នូលរបស់កងទ័ព ភារកិច្ចបន្ថែមរបស់យើង គឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងប្រតិបត្តិការមនុស្សធម៌។

លោកថា ទាំងនៅក្នុងបេសកកម្មថែរក្សាការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព ស្ថិរភាព, ប្រតិបត្តិការសង្គ្រោះទឹកជំនន់ អគារបាក់ គឺសុទ្ធតែជាប្រតិបត្តិការដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ តួយ៉ាងការថែរក្សាបាននូវស្ថិរភាព និងរារាំងកុំឱ្យមានសង្គ្រាម គឺដូចជាការថែរក្សាការពារបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋយើងរាប់មិនអស់ ដូច្នេះសូមគ្រប់បណ្តា-ស្ថាប័នកងឯកភាព ក៏ដូចជាកងកម្លាំងប្រដាប់អាវុធជាតិទាំងមូល សូមពង្រឹងនូវស្មារតី ឆន្ទៈ មនសិការស្នេហាជាតិ ការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ដែលបានមកដោយការលំបាក និងចូលរួមដើម្បីជួយប្រទេសជាតិ និងជួយសង្គ្រោះប្រជាពលរដ្ឋយើង ៕ 

Loading...