កងអាវុធហត្ថរាជធានីភ្នំពេញ តែងតែត្រៀមនូវមធ្យោបាយសម្ភារៈបំពេញបេសកកម្មជាប់ជាប្រចាំ

(ភ្នំពេញ)៖អាវុធហត្ថរាជធានីភ្នំពេញតែងតែម្ចាស់ការទទួលខុសត្រូវត្រៀមលក្ខណៈ ជាស្រេចទាំងកម្លាំងប្រតិបត្តិ ការ មធ្យោបាយសម្ភារៈដើម្បីទុកប្រើប្រាស់ពេលមានហេតុការណ៍ចាំបាច់ជាយថាហេតុផ្សេងៗដើម្បីត្រៀមបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឃើញថាអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការ របស់ខ្លួន រត់លើផ្លូវ ដូចសព្វមួយដង ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត ជាច្រើនគ្រឿង ប្រកបដោយសណ្តាប់ធ្នាប់។

ថ្លែងក្នុងកិច្ចប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្ត ចំពោះមុខរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីពេលកន្លងមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំដល់ នាយ នាយរងអាវុធហត្ថ ត្រូវតែខិតខំបន្ត អនុវត្ត ភារកិច្ចការពារសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ដែលមកទស្សនា កម្សាន្តក្នុងប្រទេសយើង ពង្រឹងការងារសន្តិសុខសង្គមឱ្យបានកាន់តែប្រសើរបន្ថែមទៀត និង ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់។

លោក ឧត្តមសេនីយ៍ឯកមានប្រសាសន៍ថា កម្លាំងក្រោមឱវាទទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះសន្សំសំចៃដោយរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសឲ្យផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ និងចេះថែរក្សាសុខភាពខ្លួនឯងក៏ដូចជាក្រុមគ្រួសារឲ្យបានល្អផងដែរ។ លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានក្រើនរំលឹកជារឿយៗស្តីពីការ បង្ការ និងទប់ស្កាត់រលកទីពីរ នៃជម្ងឺឆ្លងកូវីដ-១៩ (Covid-19) ដល់កម្លាំងក្រោមឱវាទទាំងអស់ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ដូចជាពាក់ម៉ាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល រក្សាគន្លាតសុវត្ថិភាពបុគ្គល សង្គម និងចាត់វិធានការប្រុងប្រយ័ត្នផ្សេងៗ ស្របតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។ ជាពិសេសអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

Loading...