កង្វល់របស់ពលរដ្ឋនៅខណ្ឌព្រែកព្នៅ ត្រូវបានអាជ្ញាធរសន្យាជួយដោះស្រាយ

(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញបានសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងដោះស្រាយបញ្ហាដទៃទៀតដែលជាសំណើរនិងសំណូមពរ របស់ពលរដ្ឋ ក្នុងខណ្ឌព្រែកព្នៅឲ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ។

អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បានសន្យាថា ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ លោកនឹងបញ្ជូនក្រុមការងារជំនាញចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលនៅសេសសល់ឱ្យអស់នៅពេលឆាប់ៗនេះ ខណៈដែលកន្លងមក រដ្ឋបាលខណ្ឌនិងមន្រ្តីនគរបាលបានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានជាង៣ម៉ឺន៨ពាន់ នាក់ហើយ ពោលគឺនៅសល់តិចតួចប៉ុណ្ណោះដែលមិនទាន់បានធ្វើ ។

ជាមួយគ្នានោះ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការរៀបចំវេទិកាសាធារណៈ នេះបានធ្វើឱ្យអាជ្ញាធរបានដឹងពីក្តីកង្វល់ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយអាជ្ញាធរសន្យា នឹងកែលម្អដោះស្រាយរាល់តម្រូវការនានារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាស្របតាមបំណង ប្រាថ្នារបស់ពួកគាត់។

បន្ទាប់ពីបានស្តាប់មតិយោបល់និងកង្វល់របស់ប្រជាពលរដ្ឋមកពីតាមបណ្តាសង្កាត់ទាំងក្នុងព្រែកព្នៅ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ថ្លែងជំរុញដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរពាក់ព័ន្ធទំាងអស់ក្នុងខណ្ឌព្រែកព្នៅ ត្រូវចុះមូលដ្ឋានឬដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីសាកសួរ អំពីក្តីកង្វល់ ដែលប្រជាពលរដ្ឋបានលើកក្នុងវេទិការនេះ ពិសេសការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដើម្បីដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលា ខណៈដែលការងារទាំងអស់នេះ បច្ចុប្បន្ន យើងធ្វើត្រឹម អធិការដ្ឋាននគរបាល ស្រុក ខណ្ឌប៉ុណ្ណោះ ។ ការលើកឡើងបែបនេះ របស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០២ នៅក្នុងបរិវេណវត្តប្រាសាទ ។

លោក្ប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ចំពោះបញ្ហាការផ្តល់អត្តសញ្ញាណប័ណ្ណនៅក្នុងខណ្ឌព្រែកព្នៅ គឺតម្រូវឱ្យអភិបាលខណ្ឌនិងអធិការខណ្ឌរួមសហការគ្នាចុះទៅស្រង់ទិន្ន័យ របស់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបាន អត្តសញ្ញាណប័ណ្ណ ហើយត្រូវពន្យល់ ពីមូលហេតុនានាជូនពលរដ្ឋទំាងនោះ ពីភាពយឺតយូរ ដើម្បីឱ្យពួកគាត់មានការស្ងប់ក្នុងចិត្ត មិនថ្នាំងថ្នាក់ ជាមួយអាជ្ញាធរមូលដ្ឋានរបស់យើង ។ លោកបានបន្ថែមថា ការផ្តល់អត្ថសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទៅតាមតម្រូវការនេះ គឺជាការផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ពិសេសត្រៀម យកទៅចូលរួមបោះឆ្នោតនាពេលខាងមុខខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ កាត់ថា គ.ជ.ប លែងឱ្យពួកគាត់ប្រើឯកសារអ្វីផ្សេងទំាងអស់ក្រៅតែអំពីអត្តសញ្ញាណប័ណ្ណទើបអាចចូលរួមបោះឆ្នោតបាន ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានលើកជាបញ្ហានិង ក្តីកង្វល់ រហូតដល់៦១បញ្ហាក្នុងនោះ លើកនូវបញ្ហាផ្ទាល់មាត់ចំនួន៩ ជាលាយលក្ខអក្សរចំនួន៥២ ជាមួយគ្នានេះ ក្រុមការងារ ជំនាញបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋបានជាច្រើនបញ្ហា ចំណែកបញ្ហាមួយចំនួនទៀតនឹងពិនិត្តសិក្សាអោយបានច្បាស់លាស់ជាមួយជំនាញពាក់ព័ន្ធ នឹងបន្តជម្រាបជូនថ្នាក់លើដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនទៅតាមនិតិវិធីផងដែរ ៕

 

 

Loading...