កម្ពុជាជំពាក់បំណុលគេប៉ុន្មានពាន់លានដុល្លារហើយ មានពលរដ្ឋណាខ្លះបានដឹងឬ?

ភ្នំពេញ៖ ពីមួយឆ្នាំ ទៅ មួយឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានកំណើនក្នុងអត្រា ជាង៧ ភាគរយក្នុងមួយឆ្នាំៗបានធ្វើឱ្យប្រទេសកម្ពុជាកំពុងតែក្លាយខ្លួនទៅជាប្រទេសកំពុងអភិវឌ្ឍ ។

កន្លងមក អ្នកសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍគឺត្រូវការលុយកម្ចីពីបរទេសជាចាំបាច់ ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេស ។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានជំពាក់បំណុលបរទេសជាង ៧ពាន់លានដុល្លារហើយ ។

កាលពីពេលថ្មីៗនេះ លោក វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ប្រាក់កម្ចីពីក្រៅប្រទេស បានចូលរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនៅកម្ពុជា។ តាមរយៈប្រាក់កម្ចីពីក្រៅប្រទេស បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យមប្រចាំឆ្នាំខ្ពស់ជាង៧% ក្នុង១ឆ្នាំ រយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ កម្ចីពីក្រៅប្រទេសបានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ និង ប្រាក់ចំណូលរាជរដ្ឋាភិបាល កើនឡើងខ្ពស់ជាងមុន ។ ក្នុងនោះ ប្រាក់ចំណូលប្រចាំឆ្នាំ ជាមធ្យមសម្រាប់មនុស្សម្នាក់ៗ នៅកម្ពុជារយៈពេល១ទសវត្សរ៍ កន្លងមកនេះ បានកើនឡើង២ដង ដោយបានកើនដល់១៥៦៩លានដុល្លារនៅពេលនេះ និង ធ្វើឱ្យចំណូលរដ្ឋរយៈពេល១៨ឆ្នាំកន្លងមក បានកើនឡើងជាង១៣ដង ដោយសម្រេចបានក្នុងទឹកប្រាក់ ៤៦០០លានដុល្លារ ត្រឹមឆ្នាំ២០១៨ ។

តាមក្រសួងសេដ្ឋកិច្ច កម្ពុជាមានសមត្ថភាព គ្រប់គ្រងបំណុលសាធារណៈបានល្អ ហើយបំណុលសាធារណៈ របស់កម្ពុជានៅពេលនេះ ស្ថិតក្នុងកម្រិតមួយទាបនៅឡើយ ដោយមានកម្រិតត្រឹមតែរង្វង់៣៣%នៃ GDP ប៉ុណ្ណោះ ស្របពេលដែលបំណុលសាធារណៈ នៅបណ្តាប្រទេសជាច្រើន មានរហូតដល់ទៅអត្រា ខ្ពស់ជាង១០០%នៃ GDP ។

បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបង្ហាញថា បើគិតត្រឹមឆ្នាំ២០១៨នេះ បំណុលសាធារណៈ ដែលកម្ពុជាបានខ្ចីបុលពីបរទេស នឹងកើនឡើងដល់ ៧៨០០លានដុល្លារ ពោលគឺកើនឡើងពីទឹកប្រាក់ចំនួន ៧ ១០០លានដុល្លារ កាលពីឆ្នាំមុន៕

Loading...