កម្ពុជាទទួលបានទឹកប្រាក់ពីរដ្ឋាភិបាលចិនជាង២០លានដុល្លារ តាមរយៈមូលនិធិពិសេស ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

(ភ្នំពេញ)៖ថ្លែងក្រោយពិធីចុះហត្ថលេខា លោក វ៉ាង វិនធាន ( Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា គិតមកដល់ពេលនេះប្រទេសកម្ពុជាទទួលបានទឹកប្រាក់ជាង២០លានដុល្លារ សម្រាប់អភិវឌ្ឍលើគម្រោងសរុបចំនួន៥៥ពីមូលនិធិពិសេសក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងខណៈដែលពិធីចុះហេត្ថលេខាថ្ងៃនេះមានទឹកប្រាក់ប្រមាណ៧លានដុល្លារអាមេរិកផងដែរ ។ ការថ្លែងបញ្ជាក់បែបនេះ របស់លោកឯកអគ្គរដ្ឋទូតចិនបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០នេះនៅទីស្តីការក្រសួងការបរទេសកម្ពុជា ។ ពោលបន្ទាប់ពីលោក និងលោក ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ។

លោក Wang Wentian បានបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រមូលផល ពីគម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានច្រើនជាងគេបំផុត ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នាដែលមានចំនួន៥៥គម្រោង ដោយរាប់បញ្ចូលទាំងគម្រោងក្នុងឆ្នាំនេះផងនោះ មានទឹកប្រាក់សរុបជាង ២០លានដុល្លារ។ ថវិកាទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសកម្ពុជា នៅក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយបង្ហាញថា កិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបានផ្លែផ្កាខ្ពស់ ។

ដោយឡែកលោកប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន សម្រាប់ការគាំទ្រដែលមិនអាចកាត់ថ្លៃបានសម្រាប់គម្រោងថ្មីចំនួន២០បន្ថែមទៀត។ គឺគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានថវិកាសរុបចំនួនប្រមាណ៧លានដុល្លារអាមេរិក។

លោកឧបនាយករដ្ឋមន្ត្រី ប្រមុខការទូតកម្ពុជា បានចាត់ទុកថា ពិធីចុះហត្ថលេខារបស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលានិងមានសារៈសំខាន់បំផុត។ ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍន៍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក សម្រាប់ពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឲ្យកាន់តែប្រសើរ ទៅនឹងតម្រូវការរបស់ប្រជាជនរបស់យើង។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៧.២២៥.៤០០ដុល្លារអាមេរិក ភាគច្រើនគ្រប ដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៊ិនធឺណេត ការកសាងសមត្ថភាពទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ជាដើម ៕

Loading...