កម្ពុជានឹងក្លាយជាគោលដៅ ដំបូងមុនគេដែលទេសចរត្រូវត្រលប់មកកម្សាន្តវិញ ក្រោយចប់វិបត្តិកូវីដ -១៩

(ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Chiho Kang បានលើកឡើងថា ” ក្រោយពីវិបត្តិកូវីដ-១៩ ធូរស្បើយទៅវិញ នៅទូទាំងពិភពលោក ព្រះរាជាណាចក្រ កម្ពុជា គឺជាគោលដៅទេសចរណ៍ដំបូងគេដែលភ្ញៀវទេសចរអន្តរជាតិត្រូវត្រលប់មកទស្សនាកម្សាន្តវិញ ។

ការថ្លែង កោតសសើរនិងការវាយតម្លៃខ្ពស់បែបនេះ របស់ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានធ្វើឡើង ក្នុងជួបពិភាក្សាការងារជាមួយឯកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Chiho Kang បានមានប្រសាសន៍ថា ដោយសារ លោកធ្លាប់បាន ធ្វើ ទស្សនកិច្ចដោយផ្ទាល់នៅតាមគោលដៅទេសចរណ៍នានា តាំងតែពីលោកបានមកដល់ប្រទេសកម្ពុជាមកម្លេះ។ ប្រទេសក្នុងក្ដីស្រមៃរបស់លោកលើកដំបូង ដូចជានៅសៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ (ព្រះសីហនុ កំពត កែប កោះកុង) ខេត្តបាត់ដំបង ភូមិភាគឦសានជាដើម ។ ដោយលោកបានកោតសរសើរ មិនដាច់ពីមាត់ថា នៅតំបន់ទាំងនោះ គឺពិតជាស្រស់ស្អាតប្លែកភ្នែក និងមានភាពទាក់ទាញខ្ពស់ ដែលជាទីកន្លែងប៉ងប្រាថ្នារបស់ភ្ញៀវទេសចរ គ្រប់ៗរូប ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបន្តថា ព័ត៌មានស្តីពីសក្ដានុពលទេសចរណ៍ ទិដ្ឋភាព ទេសភាពដ៏ស្រស់ត្រកាលនៅកម្ពុជានេះ លោកក៏បានផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅប្រទេសកំណើតរបស់លោកដែរ ។ ក្នុងនោះមានភ្ញៀវទេសចរច្រើនណាស់ដែលចង់មកទស្សនាកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩រសាត់បាតទៅ។

ឯកអគ្គរដ្ឋទូតរូបនេះបានគូសបញ្ជាក់ថា កិត្តិនាមមនុស្សធម៌សប្បុរសធម៌ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសណ្ដោសប្រណី ចំពោះភ្ញៀវទេសចរនៅលើនាវា Westerdam ឱ្យចូលចតនៅក្រុងព្រះសីហនុនោះ គឺពិតជាមានភាពល្បីសុះសាយខ្លាំងនៅក្នុងសង្គមអូស្ត្រាលី ដូច្នេះហើយប្រជាពលរដ្ឋច្រើនណាស់តែងតែចង់មកទស្សនាដោយផ្ទាល់នៅលើទឹកដីករុណាធម៌មួយនេះ ។

ថ្លែងនៅក្នុងជំនួបនៅដែរ ឯកឧត្តម បណ្ឌិត ថោង ខុន បានបង្ហាញ នូវការអរគុណ ចំពោះការចូលរួមរបស់ស្ថានទូតអូស្ត្រាលី ពិសេសឯកអគ្គរដ្ឋទូតផ្ទាល់ ដែលមានក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើ ដល់ភាគី អូស្ត្រាលី បន្តជួយផ្សព្វផ្សាយបន្ថែមទៀត អំពីគោលដៅទេសចរណ៍នៅកម្ពុជាទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងប្រទេសអូស្ត្រាលី ខណៈកម្ពុជាកំពុងខិតខំអភិវឌ្ឍគោលដៅទេសចរណ៍របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងបង្កើនស្ដង់ដា ការពារសុវត្ថិភាពសុខភាពកាន់តែមានប្រសិទ្ធភាពជាងមុន។ ពោលកម្ពុជាត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរដែលនឹងត្រលប់មកទស្សនាក្រោយ ចប់វិបត្តិជំងឺកូវីដ-១៩នេះ ។

ឯកឧត្តម ថោង ខុន ក៏បានស្នើសុំឱ្យរដ្ឋាភិបាលអូស្ត្រាលីជួយផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបន្តទៀត។ បច្ចុប្បន្នមាននិស្សិតកម្ពុជាប្រមាណ ៣,៥០០នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលីដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលក្រុងកង់បេរ៉ា ក្នុងនោះក៏មានមុខវិជ្ជាទេសចរណ៍ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើទៅកាន់រដ្ឋាភិបាលអូស្ត្រាលីតាមរយៈលោកឯកអគ្គរដ្ឋទូត Pablo Chiho Kang ជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ កម្ពុជា-អូស្ត្រាលី ដើម្បីជំរុញឱ្យមានកំណើនទេសចរកាន់តែច្រើន ខណៈចំនួនភ្ញៀវទេសចរពីអូស្ត្រាលីមកកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅឆ្នាំ២០១៩ មានចំនួនប្រមាណ១២ម៉ឺននាក់៕

Loading...