កម្ពុជានឹងទទួលឥទ្ធិពលអាកាសធាតុចុះត្រជាក់សាជាថ្មីម្តងទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីប្រកាស នៅថ្ងៃទី២៩ធ្នូនេះថា ចាប់ពីថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិន ដែលរំកិលចុះមកក្រោម និងខ្យល់មូសុងឦសាន ដែលធ្វើឲ្យចុះត្រជាក់ នៅបណ្ដាខេត្ត និងតាមតំបន់ខ្ពង់រាប មានដូចជា៖ ខេត្តប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តបាត់ដំបង សីតុណ្ហភាពអប្បបរមា មានពី ១៦ ទៅ១៨ អង្សាសេ និងអតិបរមាមានពី ២៥ ទៅ ២៧ អង្សាសេ និងបណ្ដាខេត្តដ៏ទៃទៀត សីតុណ្ហភាពអប្បបរមាមានពី ១៩ ទៅ ២១ អង្សាសេ និងអតិបរមាមានពី ២៦ទៅ ២៨ អង្សាសេ។
ដោយឡែក បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ សីតុណ្ហភាពអប្បបរមាមានពី ១៤ ទៅ ១៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៦ ទៅ២៨អង្សាសេ។
សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ២៧ ទៅ ២៩ អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ វីរ:ជនកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសានទាំងអស់ ពិសេស សម្រាប់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះល្បឿនខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ៕

Loading...