កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងច័ន្ទន៍គ្រឹះស្នាតាមបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ ថ្លែងក្នុងពិធីផ្សព្វផ្សាយការបើកចំហរទីផ្សារច័ន្ទន៍គ្រឹះស្នា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទក្រឹស្នារវាងក្រុមហ៊ុនកម្ពុជា-ថៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ទុកការបង្កើតរោងចក្រចម្រាញ់ប្រេងច័ន្ទន៍គ្រឹះស្នា តាមបច្ចេកវិទ្យាទំនើបនៅកម្ពុជា គឺជាវឌ្ឍនភាពថ្មីសម្រាប់វិស័យពាណិជ្ជកម្ម និងបានបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិន មកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ។

លោករដ្ឋមន្ត្រីបានថ្លែងថា រោងចក្រចម្រាញ់ប្រេងច័ន្ទន៍គ្រឹះស្នាដំបូងគេនៅកម្ពុជា នឹងជំរុញទីផ្សារសម្រាប់ផលិតផលខ្លឹមច័ន្ទន៍គ្រឹះស្នានៅក្នុងប្រទេស និងបង្កើតឱកាសការងារសម្រាប់ប្រជាជន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាមួយ គោលនយោបាយ របស់រាជរដ្ឋាភិបាល ។ លោកថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លា នាបច្ចុប្បន្ន និងអនាគត ។

លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើ«ពាណិជ្ជកម្មច័ន្ទន៍គ្រឹះស្នា នៅកម្ពុជាមានតាំងពីសម័យបុរាណ ហើយមានតម្រូវការខ្ពស់សម្រាប់ទីផ្សារនៃប្រទេសអារ៉ាប់ ។ បច្ចុប្បន្ន កម្ពុជាមានដើមច័ន្ទន៍គ្រឹះស្នា ប្រមាណជាង១លានដើម ហើយផលិតផលនេះអាចបម្រើដល់ចង្វាក់ផលិតរបស់រោងចក្របាន នឹងមានលក្ខណៈស្តង់ដារអន្តរជាតិ អាចឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងពិភពលោក»។

លោកបានគូសបញ្ជាក់ថា «ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយថ្នាំវ៉ាក់សាំង ដើម្បីធ្វើឲ្យដើមច័ន្ទន៍គ្រឹះស្នាមានគុណភាព ក្រុមហ៊ុននឹងពង្រីកការនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗនៅលើពិភពលោក ។

សូមបញ្ជក់ថា តាមរយៈអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគ្រប់គ្រងច័ន្ទន៍គ្រឹះស្នា ដែលបានចុះហត្ថលេខាថ្ងៃនេះ ក្រុមហ៊ុនធូបច័ន្ទន៍គ្រឹះស្នាខ្មែរ និងក្រុមហ៊ុន First Capital Global (FCG) នៅក្នុងប្រទេសថៃ នឹងសហការពង្រឹងគុណភាព ព្រមទាំងបង្កើតរាល់គម្រោងនានា ទាក់ទងនឹងអាជីវកម្មខ្លឹមច័ន្ទន៍គ្រឹះស្នានៅក្នុងប្រទេសកម្ពុជា។

ដោយក្រុមហ៊ុនទាំងពីរ គ្រោងនឹងដាក់បញ្ចូលខ្លឹមច័ន្ទន៍គ្រឹះស្នាប្រហែល១លានដើម សម្រាប់ដំណាក់កាលទី១ មានរយៈពេល ៩ខែ ដើម្បីកែច្នៃជាផលិតផលប្រេងច័ន្ទន៍គ្រឹះស្នាដែលមានគុណភាពខ្ពស់ សំដៅប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិតប្រេងច័ន្ទន៍គ្រឹះស្នាដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិនាពេលអនាគត ៕

 

Loading...