កម្ពុជានឹងវាយបកទៅថៃវិញបើថៃនៅបន្តកាត់ទ្វារដែកចូលប្រាសាទព្រះវិហារ

ខេត្តព្រះវិហារ៖មន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជានឹងវាយបកទៅភាគីថៃវិញ បើថៃនៅតែបន្តរុលចូលក្នុងតំបន់ប្រាសាទព្រះវិហារ ផ្ទុយនឹងសាលដីកាសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ ដូចជាករណីចូលកាត់សោរដែកទ្វាររបង ច្រកចូលប្រាសាទនៅថ្ងៃទី១៧ ខែធ្នូ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ធ្នូ កងកម្លាំងអង្គភាពឈុតខ្មៅ ប៉ារ៉ា នគរបាល និងពលរដ្ឋស៊ីវិលថៃចំនួន១៩នាក់ បានចូលមកថត និងកាត់សោរទ្វារដែកច្រកចេញចូលប្រាសាទព្រះវិហារ ហើយដកថយចូលក្នុងទឹកដីខ្លួនវិញ។ ប៉ុន្តែស្ថានការណ៍នោះបានស្ងប់ស្ងាត់ទៅវិញរយៈពេល១ម៉ោងក្រោយមក។
លោក ផៃ ស៊ីផាន ចាត់ទុកសកម្មភាពរបស់ថៃនៅពេលនេះ ថាជាការមើលងាយដល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថា អាយ.ស៊ី.ជេ (ICJ) ព្រោះតុលាការយុត្តិធម៌នេះបានហាមប្រាមមិនឲ្យមានចលនាយោធានៅតំបន់ នោះ៖ «យើងតតាំង និងចរចាបណ្ដើរ ដើម្បីអនុវត្តពេញលេញនូវការបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ នេះទី១ ទី២យើងមិនធ្វើឲ្យព្រឹត្តិការណ៍ហ្នឹង ក្លាយជាសភាពការណ៍អាក្រក់នៅតំបន់នោះទេ ប៉ុន្តែមេបញ្ជាការ(លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក) ប្រាប់ថា នឹងធ្វើការវាយប្រហារ បើជាមានរឿង(ចូលកាត់ទ្វារដែកចេញចូលប្រាសាទព្រះវិហារ)នេះបន្តទៀត»។
លោក ផៃ ស៊ីផាន គូសបញ្ជាក់បន្តថា សកម្មភាពរបស់ថៃនៅពេលនេះ មិនធំដុំទេ ប៉ុន្តែប្រហែលជាថៃ ចង់បង្កើតបញ្ហានេះ ដើម្បីអាចជជែកជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃនៅថ្ងៃទី១៨ ធ្នូ។ លោកថា កាលពីពេលកន្លងមក ភាគីថៃបានស្នើសុំកម្ពុជាជាច្រើនដងហើយ ដើម្បីបើកច្រកចេញចូលប្រាសាទព្រះវិហារឡើងវិញ។
ច្រកទ្វារចេញចូលប្រាសាទព្រះវិហារ ពីព្រំដែនថៃ ត្រូវបានបិទអស់រយៈពេល៧ឆ្នាំហើយ ចាប់តាំងពីថៃ បានលើកកងទ័ពច្រើនរយនាក់ ចូលលុកលុយទីវត្តកែវសិក្ខាគីរីស្វារៈរបស់កម្ពុជា ដែលមានទីតាំងជាប់នឹងប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មក៕

df406a2b-3024-4a83-a74f-f4723265bbf1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *