កម្ពុជាស្នើសុំ ឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) លើកពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅពាក់កណ្តាលឆ្នាំ២០២១ វិញ

(ភ្នំពេញ)៖ កម្ពុជា ក្នុងនាម​ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់​ខ្ពស់​​របស់​រាជរដ្ឋាភិបាល និង​ជាឧ​ត្តមមន្ត្រីកម្ពុជា​ទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប​ ព្រម​ទាំង​​មានការចូលរួមពី​ឧត្តម​មន្ត្រី​​នៃ​​បណ្តា​​ប្រទេស​ជា​​ដៃគូ​ ASEM ទាំងអស់ ផងដែរ​ ។

ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានសម្តែងនូវអំណរគុណដ៏​ស្មោះ​​ចំពោះប្រទេស​ដៃគូ​ ASEM ទាំងអស់ដែល​បាន​គាំទ្រ​កម្ពុជា​ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

ឯកឧត្តម បាន​គូស​បញ្ជាក់​ពី​​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការរៀប​ចំ​​ទាំង​ផ្នែក​ឡូជី​ស្ទីក ​និងខ្លឹមសារ​ ដើម្បីធានាឱ្យ​បាន​នូវ​ភាព​​ជោគជ័យនៃកិច្ច​ប្រជុំ​កំពូល​នេះ ​ដែល​​​​គ្រោងនឹង​ប្រព្រឹត្ត​ទៅ​​​​​នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០ នៅរាជធានី​ភ្នំពេញ ក្រោមមូលបទ​ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា”។

​ ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្តមមន្ត្រីទទួល​បន្ទុក​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុបទាំងអស់ បាន​បង្ហាញ​​ការ​ឯកភាព​​​​ប្រកប​ដោយ​ស្មារតី​​យោគយល់ និង​គាំទ្រជា​ឯក​ច្ឆន្ទចំពោះសំណើរបស់កម្ពុជាសុំលើកពេលរៀប​ចំ​កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ទៅប្រព្រឹត្ត​​នៅ​​ពាក់កណ្តាលឆ្នាំ២០២១ វិញ​។​

អង្គប្រជុំ ក៏​​បានលើក​ឡើង​ពីសេចក្តី​ត្រូវការ​នៃការ​​លើកកម្ពស់ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបរួម​ទៅលើ​បញ្ហា​នៃ​ការ​រីក​រាលដាលនៃជំងឺ​កូវីដ​-១៩ ដែលមិន​មែនគ្រាន់តែ​បង្ក​ឱ្យ​មាន​បញ្ហាប្រឈមដ៏​ធ្ងន់​ធ្ងរ​ដល់​​ប្រព័ន្ធសុខាភិបាលសាធារណៈនៅទូទាំងពិភព​លោកប៉ុណ្ណោះ ប៉ុន្តែ​ថែម​​ទាំងធ្វើ​ឱ្យ​​​ សេដ្ឋកិច្ចពិភពលោកធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​ផងដែរ។ ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ ឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប​ទាំង​អស់​បានពិភាក្សាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តីអាស៊ី-អឺរ៉ុប ស្តីពីជំងឺ​កូវីដ-១៩ ដែលត្រូវ​បាន​រំពឹង​ថា​​នឹងអាច​ដាក់​ចេញ​​​នៅពាក់កណ្តាល​ខែកក្កដា ឆ្នាំ២០២០​ខាងមុខ​នេះ​ ។

ជាចុង​បញ្ចប់​ អង្គ​ប្រជុំបានសម្តែង​នូវ​ការ​ស្វាគមន៍​រង់ចាំ​​ចូលរួម​កិច្ច​ប្រជុំ​​​​ឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប​បន្ទាប់ ដែល​ ប្រទេសអាល្លឺម៉ង់ បច្ចុប្បន្ន​ជា​​​ប្រធានប្តូរវេន​ក្រុមប្រឹក្សាអឺរ៉ុប​ នឹងរៀប​ចំ​ធ្វើ​ឡើង​នៅ​ចុង​ខែកញ្ញា ឆ្នាំ​២០២០​៕

Loading...