កម្ពុជា​បន្តប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់​ ចៀសវាងការឆ្លងមេរោគ​កូវីដ​-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល​​បានប្រកាស​រកឃើញ​ករណីឆ្លងថ្មី វីរុស​កូវីដ​-១៩ ចំនួន​៩នាក់ទៀត កាលពីថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២០ ។ ការរកឃើញនោះ ក្នុងចំណោមអ្នកដំណើរ​៤០នាក់ ដែលធ្វើដំណើរតាមជើងហោះហើរត្រង់​មកពីប្រទេសឥណ្ឌូនេស៊ី ។

នៅព្រឹកថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២០នេះ ប្រមុខដឹកនាំ​កម្ពុជា​បាន​អំពាវនាវ​ពលរដ្ឋ​មានការប្រុងប្រយ័ត្ន​ និងយកចិត្តទុកដាក់​ចៀសវាង​ការឆ្លង​​មេរោគ​កូវីដ​-១៩ ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖

«សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចាប់តាំងពីថ្ងៃទី ២០ ខែ ឧសភា កន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន ៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះសរុបមកកម្ពុជាយើងគឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន ១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន ១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន ១០នាក់។ ជំងឺកូវីដ-១៩ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។

ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។

សូមជូនពរបងប្អូនជនរួមជាតិបានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា» ៕ ថាច់ យ៉ាត

Loading...