កម្ពុជា-ថៃ គ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិ៤បន្ថែម ដើម្បីសម្រួលការដឹកជញ្ជូន និងឆ្លើយតបកំណើនទេសចរ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរទៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ប.ទ) បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាគ្រោងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ ពិសេសដើម្បីឆ្លើយតបនឹងកំណើនទេសចរដែលកំពុងកើនឡើងជាលំដាប់។

ការលើកឡើងនេះធ្វើឡើងកិច្ចប្រជុំពេញអង្គលើកទី៤ គ.អ.ប.ទ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមសហអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ និងជាអនុប្រធានអន្ត្រៃយ៍ គ.អ.ប.ទ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធាន គ.អ.ប.ទ។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា បច្ចុប្បន្នកម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិចំនួន២៤ ក្នុងនោះមាន៖ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិមានចំនួន៣ ច្រកទ្វារកំពង់ផែអន្តរជាតិមានចំនួន៤ ច្រកទ្វារព្រំដែនអន្តរជាតិមានចំនួន១៧ ដែលក្នុងនោះ កម្ពុជា-វៀតណាម មានចំនួន១០ កម្ពុជា-ថៃ មានចំនួន៦ និងកម្ពុជា-ឡាវ មានចំនួន១។

លោកបានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្រោងនឹងបង្កើតច្រកទ្វារព្រំដែនអន្តរជាតិចំនួន៤បន្ថែមទៀត រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ខេត្តរមានជ័យ»។

លោកបានបន្តថា អង្គការទេសចរណ៍ពិភពលើក នៅឆ្នាំ២០១៦ មានអ្នកដំណើរប្រមាណ ១.២៣៥លាននាក់ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែនអន្តរជាតិ ហើយចំនួននេះនឹងមានការកើនឡើងរហូតដល់ជាង ១.៨០០លាននាក់ នៅមុនឆ្នាំ២០៣០។

លោកបានសង្កត់ធ្ងន់ថា ការសម្រួលការធ្វើដំណើរជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់ ក្នុងការជំរុញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាបានច្រើន និងជាការកាត់បន្ថយរបាំងនៃការធ្វើដំណើរដែលមិនចាំបាច់ ដូច្នេះដើម្បីសម្រេចបាននូវកំណើនភ្ញៀវទេសចរចំនួន ១.៨០០លាននាក់នេះ កម្ពុជាត្រូវផ្តោតលើយន្តការចូលរួមធ្វើឲ្យពិភពលោក ក្លាយជាកន្លែងដែលកាន់តែប្រសើរឡើង និងឈានៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពលើគ្រប់សសរគ្រឹះទាំង៥ រួមមាន៖

* សេដ្ឋកិច្ច៖ ការធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន

* សង្គម៖ នាំមកនូងការងារសមរម្យ និងការផ្តល់អំណាចដល់សហគមន៍

* បរិស្ថាន៖ ការអភិរក្សនិងជួយទ្រទ្រង់ដល់បរិស្ថាន និងការទប់ស្កាត់នូវបម្រែបម្រួលអាកាសធាតុ

* វប្បធម៌៖ ការអបអរសាទរ និងការអភិរក្សភាពចម្រុះអត្តសញ្ញាណ និងវប្បធម៌រូបិយ និងអរូបិយ

* សន្តិភាព៖ ជាតម្រូវការចាំបាច់ជាមុនមួយសម្រាប់ការអភិវឌ្ឍ និងការរីកចម្រើន។

សូមជម្រាបថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងជាមូលដ្ឋានសម្រាប់ធានាចីរភាពនៃកំណើនវិស័យទេសចរណ៍ ជាក់ស្តែង នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៥លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៣,៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់។

ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៤,៣កើនឡើង ១០,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៥.៦លាននាក់ នៅឆ្នាំ២០១៧ និង៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារអាមេរិក បង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់៕

 

 

Loading...