កម្ពុជា-ទីម័រខាងកើត សន្យារួមគ្នាអភិវឌ្ឍវិស័យការងាររឹតតែប្រសើរក្រោយចប់កូវីដ-១៩

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសន្យាអភិវឌ្ឍវិស័យការងាររវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរបន្តទៀតក្រោយចប់វិបត្តិជំងឺកូវីដ-១៩ ។ ការបញ្ជាក់ជំហរខាងលើនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ឯកឧត្តម Ermenegildo Kupa Lopes (អើម៉ីនីហ្គីដូ គូប៉ា ឡូប៉េស) នៅទីស្ដីការក្រសួងការងារ កាលពីព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០នេះ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅដែលបញ្ជាក់អំពីទំនាក់ទំនងយ៉ាងល្អ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្រួបបង្រួមជាតិ នាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា មកពីគ្រប់និន្នាការនយោបាយអាចរួមរស់ ប្រកបដោយសុខដុមរមនាជាមួយគ្នា។ ឯកឧត្តម Ermenegildo បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រដល់បេក្ខភាពរបស់ប្រទេសទីម័រខាងកើត នៅក្នុងក្របខណ្ឌអាស៊ាន ។

ឯកឧត្តមអគ្គរដ្ឋទូត បានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឲ្យទទួលបានជោគជ័យ នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងនៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបានចាត់ទុកកម្ពុជា គឺជាគេហដ្ឋានទី២ របស់ខ្លួននិងមានភាពកក់ក្តៅយ៉ាងខ្លំាងទោះបីពេលនេះពិភពលោកមានបញ្ហាកូវីដ-១៩ តែកម្ពុជាបានគ្រប់គ្រងស្ថានការណ៍ជំងឺនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

គួរបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យការងារ” កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ រួមមាន៖ – ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធីការសិក្សាជំនាញឯកទេសការស្រាវជ្រាវការសិក្សានិងព័ត៌មានពាក់ព័ន្ធវិស័យនានា។ រួមទាំងការសិក្សាប្រៀបធៀបលើវិស័យការងារមុខរបរ ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងរដ្ឋបាលការងារ ដូចជា ៖ ការចរចារជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុវត្ថិភាព និងសុខភាពការងារ ការគ្រប់គ្រងអត្ថប្រយោជន៍ពលកម្មបរទេស និងការផ្លាស់ប្តូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនៈកិច្ច រវាងមន្ត្រីទទួលបន្ទុក និងមន្ត្រីជំនាញ។ ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ រវាងប្រទេសទាំងពីរ ។ ការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្សជាដើម ៕

Loading...