កម្ពុជា រកឃើញអ្នកឆ្លងវីរុស កូវីដ១៩ ជាបន្តបន្ទាប់ ដោយសរុប​មាន ៧ករណី

ភ្នំពេញ៖ យោង​តាម​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស ចេញ​ផ្សាយ​ដោយ​ក្រសួង​សុខាភិបាល ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៤ មីនានេះ កម្ពុជា ​នឹង​បន្ត​ពង្រឹង​វិធាការណ៍​បន្ទាន់ ដើម្បី​ទប់​ស្កាត់ការ​រាត​ត្បាត​នៃ​វីរុសកូវីដ១៩ ដោយ​សម្រេច​ចេញ​បម្រាមលើ​​ជន​បរទេស​មក​ពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​អាមេរិក មិន​អនុញ្ញាឲ្យ​ចូល​ទឹក​ដី​កម្ពុជា​រយៈពេល ៣០ថ្ងៃ។

សេចក្តី​ប្រកាស​នេះ ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា ផ្អែក​លើ​សេចក្តី​ថ្លែងការណ៍ ស្តី​ពី​ស្ថាន​ការណ៍​រាតត្បាត​វីរុសកូវីដ១៩ របស់​អង្គការ​សុខភាព​ពិភពលោក លេខ៥២ ចុះ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ប្រកាស​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់​ចាត់​វិធាន​ការបន្ទាន់ទប់​ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​មរណៈ​នេះ ក្រោយ​ប្រទេស​សរុប ១១៧ ត្រូវ​រាយការណ៍​បាន​ឆ្លង​វីរុស។

ផ្អែក​លើ​ខ្លឹម​សារ​ក្រសួង​សុខាភិបាល ជន​បរទេស​មក​ពី​ប្រទេស​ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​សហរដ្ឋ​អាមេរិក ត្រូវ​ហាម មិនអនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទឹក​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​រយៈ​ពេល ៣០ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៧ ខែមីនា ឆ្នាំ២០២០ តទៅ។

ក្រសួង ក៏​បាន​អំពាវ​នាវ ឲ្យ​សាធារណជន​ ជនបរទេស និង​ក្រសួង ស្ថាប័ន អាជ្ញាធរពាក់​ព័ន្ធ​ទាំង​អស់ ចូល​អនុវត្ត​សេចក្តី​ប្រកាស​នេះ​ទាំង​អស់​គ្នា។

គួរ​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុសកូវីដ១៩ ជាបន្តបន្ទាប់ ដោយសរុប​មាន ៧ករណី ក្នុងនោះ​មាន ម្នាក់​ជាជន​ជាតិ​ខ្មែរ និង​ជាសះស្បើយ​ម្នាក់ ៕

Loading...