កម្ពុជា – វៀតណាម សម្ពោធបើកប្រតិបត្តិ ការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនអន្តរជាតិអូរយ៉ាដាវ រតនគិរី – ឡេថាញ់ យ៉ាឡាយ

ខេត្តរតនគិរី៖ ព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី កម្ពុជា និង ឡេថាញ់ យ៉ាឡាយ វៀតណាម ត្រូវបានសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនទាំងពីរ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាំ ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីតំណាងរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ពិធីជាប្រវត្តិសាស្រ្តនេះ ប្រារព្ធនៅទីតាំងច្រកអន្តរជាតិ ទាំងពីរ ដោយមានការចូលរួមពីមន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តទាំងពីរសរុបប្រមាណជិត ១០០០នាក់។

មានប្រសាសទៅកាន់អ្នកចូលរួមនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិញមិញ បានលើកឡើងថា ការសម្ពោធ បើកអោយយានយន្តធ្វើប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ – ឡេថាញ់ នៅថ្ងៃនេះបានប្រព្រឹត្តទៅស្របពេលដែលរដ្ឋនិងប្រជាជនប្រទេស ទាំងពីរប្រារព្ធខួបអនុស្សាវវីយ៍លើកទី៥០ថ្ងៃបង្កើតឡើងនូវទំនាក់ទំនងការទូតរវាងព្រះរាជាណាច្រកកម្ពុជា និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ឯកឧត្តមបន្តថា ដោយសារស្ថានភាពនៃការរីកចម្រើននៃវិស័យសេដ្ឋកិច្ច សេចក្តីត្រូវ ការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរចេះកើនឡើងជាលំដាប់ ហើយជាអ្នកទេសចរ ដែលមានតំរូវការចរាចរណ៍ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានជម្រុញអោយភាគីទាំងពីរមានការឯកភាពគ្នា រៀបចំពិធីសម្ពោធបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ រតនគិរី – ឡេថាញ់ យ៉ាឡាយនៅពេលនេះ។

ឯកឧត្តមលើកឡើងថា ជាច្រកទ្វារអន្តរជាតិទី៦ដែលបើកអោយចរាចរណ៍ដឹកជញ្ជូន ឆ្លងកាត់។រហូតមកដល់បច្ចុប្បន្ននេះភាគីទាំងពីរកម្ពុជា – វៀតណាម បានអនុញាតអោយ យានយន្តផ្លូវគោកចំនួន៥០០គ្រឿង មកពីប្រទេសនីមួយៗធ្វើការប្រតិបត្តិការឆ្លងកាត់ ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

រាជរដ្ឋាភិបាលនៃព្រះរាជាណាច្រកកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀង ស្តីពីការដឹកជញ្ជូនផ្លូវគោកនៅឆ្នាំ ១៩៩៨-២០០៥ ភាគីទាំងពីរបានឯកភាពគ្នា ចុះហត្ថលេខាលើពិធីសារ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការ ដឹកជញ្ជូនផ្លូវគោក ដែលនៅក្នុងពិធីសារនេះមានទ្វារចំនួន៧ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ ហើយប្រតិបត្តិការដឹកជញ្ជូនបានអនុវត្តនៅតាមច្រកទ្វារចំនួន៤រួចមក ហើយមានជាអាទិ៍ ច្រកទ្វារអន្តរជាតិបាវិត-ម៉ុកបាយ ច្រកទ្វារអន្តរជាតិត្រពាំងថ្លុង-សាម៉ាត ច្រកទ្វារអន្តរជាតិព្រែកចាក-ហាទៀង។

ឯកឧត្តមសង្ឃឹមថា ការបើកប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនអន្តរជាតិច្រកទ្វារ អូរយ៉ាដាវ-ឡេថាញ់ នាពេលនេះពិតជាមានសារៈសំខាន់សម្រាប់សម្រួលដល់ការ ដឹកជញ្ជូន និងអ្នកដំណើរប្រទេសទាំងពីររួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកស្ទួយដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ប្រែក្លាយតំបន់ព្រំដែនអោយទៅជាតំបន់តភ្ជាប់មាន សុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ធានានូវផលប្រយោជន៍របស់ ប្រជាពលរដ្ឋក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

តាមកឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិញមិញ អញ្ជើញកាត់ខ្សែរបូសម្ពោធបើកដាក់អោយប្រើប្រាស់ជាផ្លូវការនៃប្រតិបត្តិការដឹកជញ្ជូន ទំនិញឆ្លងកាត់ច្រកអន្តរជាតិនៃប្រទេសទាំងពីរចាប់ពីពេលនេះតទៅ៕

Loading...