កម្ពុជា-ឥណ្ឌាគ្រោងរៀបចំព្រឹត្តិការណ៍Yoga និងការសម្ដែងសិល្បៈវប្បធម៌ រួមគ្នាដ៏ធំនៅកម្ពុជានាខែឧសភា

លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ទទួលជួបពិភាក្សាការងារ ជាមួយ លោកស្រី ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌា កាលពីរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ២០១៨កន្លងទៅ ។ក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា បានជម្រាបជូន លោក រដ្ឋមន្ត្រី ថា ឥណ្ឌាគ្រោងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំគឺ Yoga Day និងរៀបចំឲ្យមានការសម្ដែងសិល្បៈវប្បធម៌រួមគ្នាដ៏ធំ រវាង កម្ពុជា-ឥណ្ឌា នាថ្ងៃទី១០ខែឧសភាខាងមុខ ជំនួបពិភាក្សានេះបានធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ថុក សុខុម បានប្រាប់អ្នកសារព័ត៌មានថា ក្នុងជំនួប រវាង រវាង លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងលោកស្រី ម៉ានីកា ចេន ឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានជម្រាបជូន ស្រី រដ្ឋមន្ត្រីអំពីគោលបមណង រៀបចំ ព្រឹត្តិការណ៍ Yoga Day និងការរៀបចំ ការសម្ដែងសិល្បៈវប្បធម៌រួមគ្នាដ៏ធំ កម្ពុជា-ឥណ្ឌា នាថ្ងៃទី១០ខែឧសភាខាងមុខផងដែរ។

ក្នុងនោះលោកស្រីក៏បានបង្ហាញពីការខិតខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យទេសចរណ៍ ដោយភាគីឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗ រៀងរាល់ឆ្នាំ ដូចជា ព្រឹត្តិការណ៍លំហាត់ប្រាណតាមបែប Yoga ក្នុងខែមិថុនា ឆ្នាំ២០១៨ ការសម្ដែងសិល្បៈវប្បធម៌រួមគ្នាដ៏ធំកម្ពុជា-ឥណ្ឌា នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំក្រុមការងារទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌាលើកទី២ ។

លោកស្រីបានបញ្ជាក់ថា ភាគីឥណ្ឌានឹងមានរៀបចំសិក្ខាសាលាថ្មីមួយ ដែលប្រមូលផ្ដុំទៅដោយវិនិយោគិនឥណ្ឌា ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ល្បីៗរបស់ឥណ្ឌា ដើម្បីធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅជំរុញកំណើនទេសចរពីគ្នាទៅវិញទៅមក។

លោក រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ទីផ្សារទេសចរណ៍ឥណ្ឌាជាទីផ្សារធំ ដែលកម្ពុជាត្រូវតែយកចិត្តទុកដាក់ ក្នុងការទាក់ទាញឲ្យមកទស្សនាឲ្យបានច្រើនថែមទៀត ព្រោះបើគិតលើវិស័យទេសចរណ៍សាសនា កម្ពុជាក៏មិនខុសពីឥណ្ឌាប៉ុន្មានដែរ ដូច្នេះកម្ពុជាមិនអាចមើលរំលងទីផ្សារទេសចរណ៍ដ៏ធំនេះបានទេ ។ ដោយមើលឃើញពីសារប្រយោជន៍ធំទាំងនេះហើយ ទើបលោករដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា របស់ភាគីឥណ្ឌានៅកម្ពុជា។

លោក រដ្ឋមន្ត្រីថែមទាំងស្វាគមន៍ចំពោះការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងសូមឲ្យលោកស្រីឯកអគ្គរដ្ឋទូតជួយជំរុញការងារឲ្យបានរហ័ស ខណៈភ្ញៀវទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង ទោះបីមិនទាន់ច្រើនក្រាស់ក្រែលយ៉ាងណាក៏ដោយ ។ ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាជំរុញការងារខាងលើនេះ ឲ្យបានឆាប់រហ័សបំផុត ហើយលោកជំទាវក៏បានស្វាគមន៍ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ហោះហើរត្រង់ទៅកាន់ប្រទេសឥណ្ឌាផងដែរ ៕

 

Loading...