កម្មករសិប្បកម្មដែកនិងអ៊ីណុកមា្នក់ ស្វានធ្វើរទេះឆ្លងចរន្តឆក់ខ្សែភ្លើងស្លាប់នៅមន្ទីរពេទ្យ

ភ្នំពេញ ៖ កម្មករសិប្បកម្មធ្វើដែកនិងអ៊ីណុកម្នាក់ កំពុងតែស្វានរទេះឆក់ខ្សែភ្លើងសន្លប់ស្តូកស្តឹង បញ្ជូនដល់មន្ទីរពេទ្យរយៈពេលមួយម៉ោងគ្រូពេទ្យប្រាប់ថាស្លាប់ហើយ ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១២ខែសីហា២០១៥ នៅសិប្បកម្មដែកនិងអ៊ីណុកយីហា (ហៃសាំងហេង) តាមផ្លូវលេខ២៧១ ស្ថិតនៅក្រុម១៦ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សពមានឈ្មោះ មុន ហេង ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងនៅសិប្បកម្មដែកនិងអ៊ីណុក ផលិតធុងទឹកអំពៅនិងរទេះរុញគ្រប់ប្រភេទ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកកោះធំ ខេត្តកណ្ដាល ។ ប្រភពពត៍មានពីកម្មករធ្វើការនៅសិប្បកម្មជាមួយគ្នាបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែស្វានធ្វើរទេះតែមិនដឹងមូលហេតុអ្វី បានជាឃើញជនរងគ្រោះស្រែកជួយផងរួចក៏សន្លប់ស្ដូកស្ដឹងតែម្តង ភ្លាមៗនោះថៅកែនិងកម្មករ ប្រញាប់ប្រញាល់លើកដាក់លើរ៉ឺម៉កម៉ូតូ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

បើកតាមសម្តីរបស់ថៅកែឈ្មោះចែង ចាន់ភឿនភេទប្រុសអាយុ៣០ឆ្នាំជាម្ចាស់ទីតាំងខាងលើបានអោយដឹងថាកូនជាងរបស់គាត់មានគ្នា២នាក់ តែជនរងគ្រោះទើបតែមកធ្វើការ បានប្រមាណ៣ខែប៉ុណ្ណោះ ។ សម្រាប់កូនជាងទាំង២នាក់ ចែកជាពីរផ្នែក ជនរងគ្រោះកាន់ផ្នែកស្វាន ខណៈពេលកំពុងស្វានស្រាប់តែឃើញស្រែកឲ្យជួយផង រួចក៏សន្លប់ភ្លាមៗនោះ បានទៅដកឌុយខ្សែភ្លើងចេញពីម៉ាស៊ីនស្វាន មិនដឹងថាឆក់ខ្សែភ្លើងឬយ៉ាងណាទេ ក៏បានបញ្ជូនទៅមន្ទីរពេទ្យ ។ បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះបានមួយម៉ោងគ្រូពេទ្យបាន ប្រាប់ថាស្លាប់ហើយ ។

សពត្រូវបានសមត្ថកិច្ចជំនាញកោសល្យវិច័យធ្វើកោសល្យវិច័យបណ្តាលមកពីឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ ។ ម្យ៉ាងទៀតពេលដែលដឹកជនរងគ្រោះទៅសង្គ្រោះតាមរ៉ឺម៉កម៉ូតូ មិនបានដឹកតាមរថយន្តសង្គ្រោះដែលមានឧបករណ៍សង្គ្រោះបឋម។ សពត្រូវបានប្រគល់ឲ្យ សាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *