កម្មករសំណង់ម្នាក់បម្រុងចាប់រំលោភនាងក្រមុំម្នាក់នៅក្នុងបន្ទប់ទឹកត្រូវបាននគរបាលខណ្ឌដង្កោចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាកម្មករសំណង់ក្នុងបុរីភ្នំពេញសុខសាន្តធ្វើសកម្មភាពបម្រុងចាប់រំលោភនាងក្រមុំម្នាក់នៅក្នុងបន្ទប់ទឹកត្រូវបាននគរបាលខណ្ឌដង្កោចាប់ខ្លួន។បន្ទាប់ពីនារីរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ច។ជនសង្ស័យត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅចំណុចការដ្ឋានសំណង់បុរីភ្នំពេញសុខសាន្តស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោឳ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចនារីរងគ្រោះឈ្មោះ ម ស ន អាយុ២១ឆ្នាំមុខរបរនៅផ្ទះ ជាមួយមិត្តភក្តិស្រី២នាក់ទៀតជិះម៉ូតូ០១គ្រឿងចេញពីបន្ទប់ជួលទៅផឹកស៊ីជាមួយនឹងជនសង្ស័យដែលមានគ្នាទាំងអស់៧នាក់ពួកគេជាកម្មករសំណង់ស្ថិតនៅក្នុងបុរីសុខសាន្ត។លុះការផឹកស៊ីអស់ស្រាបៀរ២កេសនិងទឹកត្នោតជូចំនួន៤លីត្រក៏មានការស្រវឹងរៀងៗខ្លួនរវាងជនសង្ស័យនិងជនរងគ្រោះក៏បានស្គាល់គ្នា។បន្ទាប់មកជនរងគ្រោះបានចុះពីលើផ្ទះល្វែងទៅបត់ជើងតូចនៅក្នុងបន្ទប់ទឹកខាងក្រោម ក្រោយមកជនសង្ស័យក៏ចុះមកតាមក្រោយហើយក៏សុំជនរងគ្រោះចូលបន្ទប់ទឹកជាមួយ នៅពេលនោះជនរងគ្រោះឆ្លើយបដិសេធ។បន្ទាប់មកជនរងគ្រោះក៏បើកទ្វារបន្ទប់ទឹកចេញមកក្រៅ ស្រាប់តែរំពេចនោះជនសង្ស័យក៏បានចាប់ខ្ទប់មាត់អូសទៅកន្លែងស្ងាត់ ហើយក៏ធ្វើសកម្មភាពចាប់ថើបបឺតមាត់និងច្របាច់ដោះ រួចជនរងគ្រោះក៏បានប្រតាយប្រតបនិងគេចខ្លួនរត់ឡើងទៅលើផ្ទះល្វែងស្រែកឳ្យមិត្តភក្តិជួយ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។

យោងតាមរបាយការណ៍ដដែលរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោឳ្យដឹងថាលុះបន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ក្រោយពីនគរបាលប៉ុស្តិ៍ទទួលបានពាក្យបណ្ដឹងហើយក៏បានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យមានឈ្មោះម៉ូន រិន ភេទប្រុសអាយុ៣៧ឆ្នាំ នៅចំណុចខាងលើ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពពិតជាបានផឹកស៊ីនិយាយផ្ដោះផ្តងជាពាក្យសំដីជាមួយជនរងគ្រោះនិងក៏ទប់អារម្មណ៍មិនបានក៏ចាប់អោបថើបនាង។បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទប្រទូស្តិ៍កេរ្តិ៍ខ្មាស់៕

Loading...