កម្មករស៊ិនទ្រីយល់ព្រមឈប់ធ្វើកូដកម្ម ចូលបម្រើការងារវិញ 

ភ្នំពេញ៖ កម្មករនិយោជករបស់ក្រុមហ៊ុនស៊ីនទ្រីចំនួនជាង២០០០នាក់ ដែលបានធ្វើកូដកម្ម តវ៉ាមិនព្រមដឹកជញ្ជូនសំរាមទៅកាន់ទីលានចាក់សំរាម អស់រយៈពេលប្រាំថ្ងៃកន្លងមកនេះពេលនេះ ពួកគាត់បានឯកភាពស្ម័គ្រចិត្តឈប់ធ្វើបាតុកម្មនិងសន្យាថានឹងចូលបម្រើការងារវិញនៅរសៀលថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០នេះតទៅ។

ការឯកភាពនិងបញ្ឈប់នូវរាល់ការធ្វើបាតុកម្មខាងលើនេះបានធ្វើឡើង ខណៈដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅដោះស្រាយផ្ទាល់ដល់ទីតាំងកើតហេតុ នាព្រឹកថ្ងៃទី៧ តុលា ដោយបានស្នើសុំឱ្យបងប្អូនកម្មករទាំងអស់ចូលបម្រើការងារវិញ នារសៀលថ្ងៃទី ០៧ តុលានេះ ។ ជាការឆ្លើយតប បងប្អូននិយោជកកម្មករ បានយល់ព្រមចូលបម្រើការងារវិញទៅតាមការស្នើសុំរបស់លោកឃួង សេង ។ ការព្រមចូលធ្វើការវិញនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ ក្រុមហ៊ុន ស៊ីនទ្រី ខណ្ឌដង្កោផងដែរ ដើម្បីប្រាប់អំពីដំណោះស្រាយ និងការសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការងារនេះសម្រេចបានដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់របស់អភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់។ប៉ុន្ដែទោះជាយ៉ាងណា ក្នុងអន្ដរកាលនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ផែនការឲ្យអភិបាលខណ្ឌទាំង១៤ រួមទាំងមន្ដ្រីពាក់ព័ន្ធ ចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ក្នុងពេលនេះផងដែរ។ការទទួលយកដំណោះស្រាយ និងព្រមព្រៀងចូលធ្វើការវិញរបស់កម្មករក្រុមហ៊ុនទ្រី ធ្វើឡើងក្រោយបញ្ចប់កិច្ចចរចារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រវាងម្ចាស់ក្រុមហ៊ុនស៊ីនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញ។

ជាលទ្ធផល នៃការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នាដូចខាងក្រោម៖ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ។ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ។ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានផ្ដល់នូវអង្ករចំនួន ២៥គីឡូក្រាម ក្នុងម្នាក់ៗ ដែលអង្គនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ ចាប់តាំងពីល្ងាចថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២០ រហូតមកដល់ព្រឹកថ្ងៃ០៧ តុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បាន ធ្វើកូដកម្ម នៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រីដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាម ដែលធ្វើឱ្យមានសំរាមកកស្ទះនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ដោយសារការចុះទៅដោយស្រាយជាមួយកម្មករដោយផ្ទាល់ពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺកម្មករបានសម្រេចចិត្តចូលបំរើការងារជាធម្មតាវិញហើយនៅរសៀលថ្ងៃ០៧តុលានេះ៕

 

 

Loading...