កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ អន្តរាគមន៍ដឹកពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ

(បន្ទាយមានជ័យ)៖ គោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការផ្ទុះឡើងនូវជម្ងឺឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ និងបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីត្រៀមអន្តរាគមន៍ដឹកពលករខ្មែរវិលត្រឡប់ មកពីប្រទេសថៃចូលមកកម្ពុជាវិញ កងពលតូចដឹកជញ្ជូនលេខ៩០ បានអនុវត្តន៍នូវបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កម្លាំង និងរថយន្តរបស់កងពលចំនួន ៣០គ្រឿងជំហានទី១ ដើម្បីត្រៀមដឹកជញ្ជូនពលករខ្មែរមកពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០។ គិតត្រឹមល្ងាច ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កងពលបានអនុវត្តន៍ផែនការដឹកពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា នៅច្រកប៉ោយប៉ែត ជាលទ្ធផលដឹកបានចំនួន ៣០ ជើង សរុបប្រជាពលករចំនួន ៤០៥នាក់ មកកាន់គោលដៅរួមមាន ស្រុកអូរបីជាន់ (និមិត្ត )ចំនួន ១៣ជើង មានពលករចំនួន ២០៦នាក់ បឹងត្រកួន (និមិត្ត ) ២ជើង មានពលករចំនួន ១២នាក់ ចំបក់ ( ម៉ាឡៃ ) ចំនួន ៣ជើង មានពលករចំនួន៤០នាក់ បឹងត្រកួន ( ស្វាយចេក ) ចំនួន ១ជើង មានពលករចំនួន ៣នាក់ អូរបីជាន់ ( សៀបរាប ) ៤ជើង មានពលករចំនួន ៦២នាក់ កូប ( សៀមរាប ) ចំនួន ២ជើង មានពលករចំនួន ២៤នាក់ និមិត្ត (សៀមរាប ) ២ជើង មានពលករចំនួន ៣២នាក់ និងម៉ាឡៃ ( សៀមរាប ) ២ជើង មានពលករចំនួន ២៦នាក់ ។

សូមបញ្ជាក់ថា គោលបំណងការដឹកជញ្ជូនពលករត្រលប់មកពីប្រទេសថៃនាពេលនេះ គឺមិនចង់ឲ្យបងប្អូនពលករខ្មែរចូលមកប្រទេសកម្ពុជា វិញធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ខ្វះការគ្រប់គ្រង ដែលអាចនាំទៅដល់ហានិភ័យ ក្នុងការ ចម្លងមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍៕

Loading...