កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចុះស្ទាក់ចាប់បានរថយន្តសាំយ៉ុងមួយគ្រឿង ផ្ទុកឈើប្រណិតពេញប្រៀប ដែលមានតម្លៃច្រើនពាន់ដុល្លារ !

ខេត្តស្ទឹងត្រែង៖ រថយន្តប្រភេទទេសចរ១គ្រឿង និងឈើប្រណិតរាប់សិបសន្លឹក ដែលគេដឹងថា មានតម្លៃច្រើនពាន់ដុល្លារនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ សហការណ៍ជាមន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង ចុះបង្ក្រាប និងស្ទាក់ចាប់បាននៅវេលាទៀបភ្លឺ ថ្ងៃទី១៤វិច្ឆិកានេះ នៅផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ បំបែកចេញពីផ្លូវជាតិលេខ៧ ចូលទៅស្តៅ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានបង្ហើបឲ្យដឹងថា នៅមុនពេលចុះស្ទាក់ចាប់រថយន្តដឹកឈើ១គ្រឿងនេះបាន មន្ត្រីអាវុធហត្ថទទួលបានដំណឹងមកថា មានរថយន្តប្រភេទទេសចរ១គ្រឿង បានផ្ទុកឈើប្រណិតពេញប្រៀប បានចាកចេញពីភូមិសាស្ត្រស្រុកសៀមប៉ាង ក្នុងបំណងនាំចេញយកទៅលក់នៅក្រៅរង្វង់ដែនដីខេត្ត ដោយឆ្លងកាត់ក្រុងស្ទឹងត្រែង។ លោកថា នៅគ្រានោះ កម្លាំងកងរាជអាវុធហត្ថ បានសុំគោលការណ៍ពីថ្នាក់លើ ធ្វើការសហការណ៍ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ចុះស្ទាក់ចាប់ភ្លាមៗផងដែរ។ លោកថា នៅពេលសមត្ថកិច្ចកំពុងប្រដេញស្ទាក់ចាប់រថយន្តដឹកឈើនោះ តៃកុងបានបើកទ្វាររថយន្តរត់គេចទាំងយប់ងងឹតនោះបាត់ទៅ ដោយបានបន្សល់ទុកនូវវត្ថុតាងបទល្មើស មានរថយន្ត១ និងឈើប្រណិតរាប់សិបសន្លឹក ដែលផ្ទុកនៅក្នុងនោះ។ មន្ត្រីដដែលបានបញ្ជាក់ថា ក្រោយការបង្ក្រាបនោះភ្លាម រថយន្តដឹកឈើនោះ ត្រូវបាននាំយកមកកាន់ ផ្ទះខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើ១គ្រឿងដែលរងការបង្ក្រាប ស្ទាក់ចាប់បាននេះ ជាប្រភេទរថយន្តសាំយ៉ុង កែច្នៃបាត និងដំបូល ពាក់ស្លាកលេខ ភ្នំពេញ 2C-4106 ពណ៌ស តែស្លាកលេខត្រូវបានគេដោះចេញ និងមានផ្ទុកឈើពេញ ដឹកចេញពីស្រុកសៀមប៉ាង ពេលចូលមកដល់ដីក្រុងស្ទឹងត្រែង ក៏ត្រូវបានបង្ក្រាបតែម្តង។ លោកថា ឈើនៅក្នុងរថយន្តនេះ មានជាច្រើនប្រភេទចម្រុះគ្នា តែភាគច្រើនគឺជាឈើធ្នុង រហូមកដល់រសៀលថ្ងៃនេះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេ ព្រោះមន្ត្រីជំនាញមិនទាន់បានធ្វើការវាស់វែងនៅឡើយ៕

Loading...