កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបរថយន្តដឹកឈើស្ត្រីមេឈ្មួញជើងខ្លាំងម្នាក់ប្រគល់ឲ្យមន្ត្រីព្រៃឈើខេត្តរតនគីរី

ខេត្តរតនគីរី៖ រថយន្តកាមរីបាឡែន១គ្រឿង ដឹកឈើប្រណិតពេញប្រៀប ហើយរថយន្តផ្ទុកបទល្មើសនោះ ត្រូវសមត្ថកិច្ចបង្ហើបឲ្យដឹងថា ជារបស់ស្ត្រីមេឈ្មួញជើងខ្លាំងម្នាក់ ប្រចាំនៅខេត្តរតនគីរី មិនដែលមានសមត្ថកិច្ចកិច្ចហ៊ានបង្ក្រាបនោះទេ តែខណៈនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបបាន ប៉ុន្តែ ស្ត្រីមេឈ្មួញរូបនោះមិនត្រូវបានឃាត់ខ្លួននោះឡើយ។

ការចុះទប់ស្កាត់ និងបង្ក្រាបជំនួញឈើខុសច្បាប់នោះ ត្រូវបានអាវុធហត្ថស្នាក់ការសន្តិសុខ៧៨១ ចាប់បានកាលពីវេលាម៉ោង៨ និង១៨នាទីយប់ ថ្ងៃ២៨មិថុនាម្សិលមិញត្រង់ចំណុចភូមិ៣ ឃុំក្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី គ្រាដែលរថយន្តនោះកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតធ្នង់ ចេញពីតំបន់ជាប់ព្រំដែនខេត្តស្ទឹងត្រែង ចូលមកខេត្តរតនគីរី ឆ្លងកាត់ស្នាក់ការអាវុធហត្ថ៧៨១ ដែលមានមូលដ្ឋានប្របនឹងដងផ្លូវជាតិលេខ៧៨១។

មន្ត្រីអាវុធហត្ថប្រចាំស្នាក់ការ៧៨១ លោកអនុសេនីយ៍ឯកហង្ស វុទ្ធី បានបា្រប់ឲ្យដឹងថា រថយន្តដឹកឈើប្រណិតដែលរងការបង្ក្រាបនោះ ជាប្រភេទកាមរីបាឡែន ពណ៌ទឹកបា្រក់ ពាក់ស្លាកលេខភ្នំពេញ 2X.1365 និងសមត្ថកិច្ចបានរកឃើញស្លាក១ផ្សេងទៀត គឺភ្នំពេញ 2Z.6061 ដែលឈ្មួញទុកសម្រាប់ដោះដូរ ពេលដឹកជញ្ជូនឈើធ្វើជំនួញ ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច។ ចំណែក ម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ឈ្មោះស្រី ណែត អ្នកខេត្តរតនគីរីនរណាក៏គេដឹង និងស្គាល់ថា គឺជាស្ត្រីមេឈ្មួញជើងខ្លាំងនោះដែរ រាល់ការដឹកជញ្ជូនឈើរបស់នាង គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះទេ ដោយគេសង្ស័យថា នាងមានខ្នងបង្អែកធំឈរចាំជួយនៅពីខាងក្រោយខ្នង ប៉ុន្តែ ពេលនេះត្រូវបានកម្លាំងអាវុធហត្ថពួនស្ទាក់ចាប់បានតែម្តង។

លោកហង្ស វុទ្ធី បានបញ្ជាក់ថា ឈើធ្នង់ដែលឈ្មួញបានផ្ទុកនៅក្នុងរថយន្តនោះ នៅមិនទាន់បានដឹងពីចំនួនពិតបា្រកដនោះទេ ហើយនៅថ្ងៃ២៩មិថុនានេះ រថយន្តបាឡែន និងឈើប្រណិតដែលផ្ទុកនៅក្នុងនោះ ត្រូវបានផ្ទេរប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត នាំយកទៅចាត់ការជាបន្តតាមច្បាប់។

ដោយឡែក ពាក់ព័ន្ធនឹងការបង្ក្រាបជំនួញឈើប្រណិតនេះដែរ នៅឯខេត្តស្ទឹងត្រែងឯណោះវិញ កាលពីវេលាម៉ោង២ និង៤០នាទីរំលងអាធ្រាត្រ ថ្ងៃ២៩មិថុនានេះ នៅចំណុចស្រែតាច័ន្ទ ស្ថិតក្នុងភូមិស្រែគរ១ ឃុំស្រែគ១ ស្រុកសេសាន្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបញ្ជាពីឧត្តមសេនីយ៍អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះទៅចាប់រថយន្តកាមរីបាឡែន១គ្រឿង ផ្ទុកឈើធ្នង់ពេញប្រៀប ព្រមទាំងបានឃាត់ខ្លួនបុរសបើកបររថយន្តដឹកឈើពីរនាក់ នាំមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។

មន្ត្រីអាវុធហត្ថដែលដឹកនាំកម្លាំងបង្ក្រាបបានឲ្យដឹងថា សមត្ថកិច្ចអាវុធហត្ថខេត្ត បានចុះទៅពួកស្ទាក់ចាប់រថយន្តកាមរីបាឡែន១គ្រឿង ពណ៌ទឹកបា្រក់ ពាក់ស្លាកលេខ ភ្នំពេញ 2X.1365ដោយស្លាកលេខនេះមានតែម្ខាង ឯម្ខាងទៀត ឈ្មួញបានដោះយកទៅដាក់រថយន្តកាមរីបាឡែន១គ្រឿងទៀត ដែលរងការចាប់ពីកម្លាំងអាវុធហត្ថខេត្តរតនគីរី ។ ចំណែក បុរសសង្ស័យពីរនាក់ដែលត្រូវឃាត់ខ្លួនបាននេះ ម្នាក់ឈ្មោះធី អុត អាយុ៤៦ឆ្នាំ និងម្នាក់ទៀតឈ្មោះភី ថា អាយុ៣៤ឆ្នាំ ជនសង្ស័យទាំងពីរនាក់ រស់នៅភូមិស្រែគ១ ឃុំស្រែគរ ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។

មន្ត្រីដដែលបានបន្តទៀតថា ឈើដែលផ្ទុកនៅក្នុងរថយន្តនោះ មានប្រមាណពី៧០ទៅ៨០ដុំ ជាប្រភេទឈើធ្នង់ ។លោកថា នៅក្នុងការសាកសួរនោះរួច ជនសង្ស័យបានសារភាពថា រថយន្តនេះមិនមែនជារបស់ខ្លួននោះទេ គឺពួកគេបានជួលពីម្ចាស់ឈ្មោះឡុច នៅស្រុកសេសាន្ត ដោយឈើ១ដុំពួកគេស៊ីឈ្នួលដឹកបានកម្រៃ៧ពាន់រៀលខ្មែរ នាំចេញពីស្រុកសេសាន្ត ស្ទឹងត្រែង ចូលទៅកាន់ខេត្តរតនគីរី ។ ជនសង្ស័យបានសារភាពទៀតថា នៅពេលពួកគេដឹកឈើចេញម្តងៗ គេបានបង់លុយក្បាលរថយន្ត ទៅឲ្យមន្ត្រីនគរបាលប៉ុស្តិ៍នៅមូលដ្ឋានោះ នគរ បាលជាច្រើនផ្នែកទៀត និងបានបង់លុយទៅឲ្យលោកមេបញ្ជាការអាវុធហត្ថស្រុកសេសាន្តនោះផងដែរ ទើបដឹកឈើទាំងនេះចេញពីខេត្តស្ទឹងត្រែង ចូលទៅខេត្តរតនគីរីបាន។

នៅរសៀលថ្ងៃ២៩ មិថុនា វត្ថតាងបទល្មើស ព្រមទាំងជនសង្ស័យទាំងពីរនាក់ ដែលរងការឃាត់ខ្លួននោះ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្ត ធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យមន្ត្រីព្រៃឈើខេត្ត ចាត់ការជាបន្ត ៕ បក្សីជាយដែន

sses (5)

sses (4)

sses (3)

sses (2)

sses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *