កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើបុរសម្នាក់ ទៅតុលាការខេត្តព្រះវិហារ !

ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ជំពាក់នឹងអំពើឃាតកម្មលើបុរសរងគ្រោះម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ចប់ការសាកសួរ និងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តព្រះវិហារ នាថ្ងៃទី៥ មករា ឆ្នាំ២០២១នេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសសង្ស័យទាំង ៤នាក់ ដែលកម្លាំងកងរាជអាវុធហត្ថខេត្ត បានសម្រេចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តនោះ ត្រូវគេដឹងថា ១-ឈ្មោះ តុលា ប្រុស អាយុ ២០ឆ្នាំ ,២-ឈ្មោះ ជៀន វណ្ណឌី អាយុ ២០ឆ្នាំ , ៣-ឈ្មោះ សឿន សុខសាន្ត អាយុ ២០ឆ្នាំ និង ៤-ឈ្មោះ ធិ វ៉ាន់ធី អាយុ ១៧ឆ្នាំ ជនសង្ស័យទាំង ៤នាក់ ជាកសិករ រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ដោយឡែក ជនរងគ្រោះ ដែលសមត្ថកិច្ចសង្ស័យថា បានរងការវាយសម្លាប់នឹងវត្ថុរឹងនោះ ឈ្មោះ ឈឿន ជៀន ភេទប្រុស អាយុ ១៨ឆ្នាំ ជាកសិករ រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ ត្រូវបានគេប្រទះឃើញអណ្តែត នៅក្នុងស្រះទឹកមួយ នៃវត្តទួលឧត្តម កាលពីវេលាម៉ោង ៧ និង៣៥នាទីព្រឹក ថ្ងៃទី២ មករា ឆ្នាំ២០២១ ស្ថិតនៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ។

ក្រោយហេតុការណ៍ប្រទះឃើញសាកសពនោះមក កម្លាំងកងរាជអាវុធហត្ថខេត្ត ដែលមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ ជាមេបញ្ជាការ និងក្រោមការដឹកនាំកម្លាំងចុះស្រាវជ្រាវករណីនេះ ដោយ លោក វរៈសេនីយ៍ទោ ជួរ ប៊ុនសុង ដែលជាមេបញ្ជាការរង ទទួលផែនយុត្តិធម៌អាវុធហត្ថខេត្ត ចុះពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ឃើញថា ជនរងគ្រោះបានរងការវាយសម្លាប់នឹងវត្ថុរឹង និងបន្តបើកការស្រាវជ្រាវ អស់រយៈពេល ៣ថ្ងៃ រហូតឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យ ៧នាក់ ហៅមកធ្វើការសាកសួរ និងក្រោយការសាកសួរ កម្លាំងសមត្ថកិច្ចរកឃើញថា មានតែ ៤នាក់ប៉ុណ្ណោះ ដែលជាប់ជំពាក់នៅក្នុងរឿងប្រព្រឹត្តអំពើឃាតកម្មនោះ។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្តីសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ អាចកើតឡើងតាំងពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ មកម្ល៉េះ ហើយសមត្ថកិច្ចបានដឹងលើករណីនេះ គឺនៅថ្ងៃទី២ មករា ឆ្នាំ២០២១ ដូច្នេះ មានរយៈពេល ៣ថ្ងៃ និងបន្តបើកការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោស គឺនៅថ្ងៃទី៥ មករា ឆ្នាំ២០២១ នេះ។ គេនៅមិនទាន់ដឹងទេថា តើតុលាការខេត្តព្រះវិហារ នឹងវិនិច្ឆ័យលើរឿងនេះ យ៉ាងណានៅឡើយទេ ព្រោះខណៈនេះ ជនសង្ស័យទាំង ៤នាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់ តុលាការខេត្តនៅឡើយ៕

Loading...