កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃក្នុងខេត្តរតនគិរី

ខេត្តរតនគិរីៈ ឈើប្រណិតរាប់រយកំណាត់ ត្រូវគេប្រទះឃើញម្តងទៀតហើយនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺនៅក្រោយពេល២ថ្ងៃ ដែលក្រុមមន្រ្តីបរិស្ថានបានរងការចោទប្រកាន់ថា បានជាប់ទាក់ទិនក្នុងជំនួញបទល្មើសព្រៃឈើយ៉ាងសកម្មនៅក្នុងខេត្តរតនគិរីនោះ។
កាលពីម្សិលមិញ ថ្ងៃសៅរ៍ ទី១៨ កុម្ភៈ គំនរឈើប្រណីតប្រភេទធ្នង់ លាយឈើនាងនួនរាប់រយកំណាត់ បានត្រូវគេប្រទះឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់នោះ ។

ក្រោយការប្រទះឃើញឈើប្រណិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ គេបានស្វែងរកការបំភ្លឺពីក្រុមមន្រ្តីបរិស្ថាននៅទីនោះផងដែរ ប៉ុន្តែពុំមានចម្លើយជាវិជ្ជមាននោះទេ។ ការរង់ចាំចម្លើយពីក្រុមមន្រ្តីបរិស្ថាន បានជម្រុញអោយមានការចុះបង្រ្កាបមួយកើតឡើង ពីកំលាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក ហឹម សាមឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់ ដែលធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺឧត្តសេនីយ៍ត្រី គឹម រស្មី ។

លោក ហឹម សាមឿន ដែលជាគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ស្រុក បានដកស្រង់សម្តីមេបញ្ជាការកងរាជអាវុធហត្ថខេត្តថាៈ ករណីបង្រ្កាបនេះ គឺនឹងធ្វើឡើងក្នុងកំណត់ហេតុរួមគ្នាមួយ ជាមួយមន្រ្តីបរិស្ថាននៅទីនោះ ដោយទទួលបញ្ជាម៉ឺងម៉ាត់ថា នឹងមិនធ្វើអោយបាត់បង់ សូម្បីវត្ថុតាងឈើមួយកំណាត់សោះឡើយ។

សូមជម្រាបថាៈ ការប្រទះឃើញកំណាត់ឈើដ៏ច្រើនក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ គឺក្រោយរយៈពេល៣ថ្ងៃមុនការបង្រ្កាប ដែលមន្រ្តីបរិស្ថាននៅដែនជម្រកសត្វព្រៃលំផាត់នោះ បានរងការចោទប្រកាន់ថា គឺជាអ្នកជំនួញឈើប្រណីតដ៏លេចធ្លោ ដែលមានមន្រ្តីចំនួន៣រូប ក្នុងនោះមានឈ្មោះ សុខ ឡេង ជាប្រធានក្រុមល្បាត និងពីរនាក់ទៀតឈ្មោះ ធី និងឈ្មោះ រ៉ុន ។

ប្រភពប្រជាពលរដ្ឋបញ្ជាក់ថាៈ បើពលរដ្ឋណាម្នាក់មិនលក់ឈើអោយទៅមន្រ្តី៣នាក់ខាងលើនេះទេ ឈើរបស់ពួកគេនឹងរងការចាប់ហើយនឹងអាចទទួលរងគំរាមផ្នែកច្បាប់ទៀតផង។

ការបង្រ្កាបឈើចុងក្រោយថ្ងៃទី១៨កុម្ភៈនេះ គឺបានធ្វើអោយមានចំណោទសួរថា មូលហេតុអ្វីបទល្មើសព្រៃឈើអាចនឹងកើតឡើងទៅបាននៅក្នុងដែនជម្រកសត្វព្រៃនោះ ពីព្រោះវាជាតំបន់ការពារយ៉ាងហ្មត់ចត់ពីក្រុមមន្រ្តីបរិស្ថាននៅទីនោះជារៀងរាល់ថ្ងៃ មានទាំងការដើរល្បាតពេលថ្ងៃ និងមានទាំងការដើរល្បាតនៅពេលយប់ផងនោះ ហើយការណ៍នេះបានធ្វើអោយមានចម្ងល់យ៉ាងខ្លាំង ដល់មហាជនទូទៅដែលបានដឹងអំពីរឿងនេះ ។

មេបញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់ លោក ហឹម សាមឿន បានប្រាប់អំពីតួរលេខនៃការបង្រ្កាបនៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា កំណាត់ឈើទាំងនោះមានចំនួនសរុប ៤២៣កំណាត់ ជាប្រភេទឈើធ្នង់ និងឈើនាងនួន កំលាំងបានជញ្ជូនទៅតម្កល់ទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃអូរល្វាក់ ស្រុកលំផាត់រួចរាល់ហើយ។ កំណាត់ឈើទាំងនោះនឹងត្រូវបានចុះត្រួតពិនិត្យពីគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិនាពេលក្រោយ។

ការបង្រ្កាបបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ដោយកំលាំងកងរាជអាវុធហត្ថនេះ គឺជាលើកទីមួយហើយ ដែលកន្លងមកមិនមានស្ថាប័នប្រដាប់អាវុធណា ឬសមត្ថកិច្ចរដ្ឋបាលណាមួយ ហ៊ានចូលបង្រ្កាបក្នុងទីតាំងដែនជម្រកសត្វនោះទេ ដូច្នេះយូរខែយូរឆ្នាំកន្លងទៅហើយ រាល់បទល្មើសបានកើតឡើងនៅទីនោះ គឺមិនមាននរណាម្នាក់បានដឹងរឿងឡើយ ពីព្រោះស្ថាប័នបរិស្ថាននេះ វាហាក់ដូចជាកំលាំងឯករាជ្យមួយដែលមិនមាននរណាម្នាក់ហ៊ានលូកលាន់៕ ដោយៈ វុទ្ធឦសាន

Loading...