កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់និងគ្រឿងញៀន០៣កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្រ្កាបចាប់ខ្លួននិងឆែកឆេរត្រួតពិនិត្យដកហូតវត្ថុតាងគ្រឿងញៀន០៣កញ្ចប់ដើម្បីយកអនុវត្តតាមផ្លូវច្បាប់។ជនសង្ស័យគ្រឿងញៀនទាំង០២ បង្រ្កាបចាប់ខ្លួននៅវេលាម៉ោង៤និង១០រសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

​លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនបង្រ្កាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនសម្រេចបាននៅពេលនេះក្រោយពីកម្លាំងការិយាល័យជំនាញបានទទួលព័ត៌មានប្តឹងរាយការណ៍ពីប្រជាពលរដ្ឋនូវសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀនរបស់ជនសង្ស័យ។បន្ទាប់មកលោកក៏បានដឹកនាំកម្លាំងស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យហើយដោយបានអនុញ្ញាតសម្របសម្រួលនីតិវធីពីលោកហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងការិយាល័យជំនាញឈានទៅបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង០២នាក់កំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនជាក់ស្តែង។

​លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថាជនសង្ស័យទាំង០២នាក់មានឈ្មោះ១, ឆាយ រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ប្រកបមុខរបរលក់បាយ នៅថ្នល់ទទឹង ស្រុកកំណើតស្រុកច្បារមន ខេត្តកំពង់ស្ពឺ ២,ឈួន ថារឹត ភេទប្រុស​អាយុ១៦ឆ្នាំ គ្មានមុខរបរពិតប្រាកដ ស្រុកកំណើតភូមិពាណិជ្ជកម្មឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យគ្រឿងញៀនទាំង០២នាក់ត្រូវបាននាំខ្លួនមកការិយាល័យជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

 

 

Loading...