កម្លាំងចម្រុះស្ទាក់បង្ក្រាបឡានដឹកឈើប្រណីតលេចមុខជើងខ្លាំងមកជួយអន្តរាគមន៍

ខេត្តក្រចេះ ៖ លោក អ៊ួង សម្បត្តិ អភិបាលរង ស្រុកចិត្របុរី បានដឹកនាំកម្លាំង បង្ក្រាបរថយន្ដឡង់គ្រីសរ័ ដឹកឈើប្រណិតពេញប្រៀប ប្រគល់ឲ្យជំនាញ រដ្ឋបាលព្រៃឈើ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលដែល កម្លាំងជំនាញរដ្ឋបាលព្រៃឈើ នាំយករថយន្ដដឹកឈើនោះ ទៅទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ត្រូវបានឈ្មួញឈើ បើករថយន្ដឡុចស៊ីស៣៥០ ពណ៍សរ ពាក់ស្លាកលេខ 2AA-3633 បើករារាំងសមត្ថកិច្ច មានចេតនាចង់រំដោះ រថយន្ដដឹកឈើនោះ នៅចំណុចជិត បន្ទាយទាហានខេត្ត ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ។

សមត្ថកិច្ច បានបន្តទៀតថា អ្នកបើករថយន្ដរារាំងនោះ ឈ្មោះ វាន់ណា ជាឈ្មួញឈើ ត្រូវជាកូនប្រសារយាយលក់បាយ នៅស្រុកឆ្លូង និងក្រោយមក មានមនុស្ស ២នាក់ទៀត ជិះរថយន្ដកាមរីបាឡែនឈ្មោះ ទេព្យ ហ៊ុយ ហៅលាងហ៊ុយ ជាអាវុធហត្ថ មានតួនាទី ជាអនុប្រធានមន្ទីរប្រភពកម្លាំង នៃទីបញ្ជាការដ្ឋាន អាវុធហត្តខេត្តក្រចេះ និងម្នាក់ទៀតឈ្មោះ ម៉ុង សំបូរ ជាអាវុធហត្ថ មានតួនាទីប្រធានមន្ទីរសម្ភារ បច្ចេកទេស បានមកអន្តរាគមន៍រារាំង ចង់រំដោះរថយន្ដដឹកឈើ ហើយពេលនោះ មានភាពតានតឹង អស់ជាច្រើនម៉ោង។

គណៈបញ្ជាការឯកភាព ស្រុកចិត្របុរី បានស្នើសុំកម្លាំងនគរបាល ក្រុងក្រចះ ឲ្យជួយអន្តរាគមន៍ ក្រោយមកស្ថានការណ៍ បានធូរស្រាលឡើងវិញ បន្ទាប់ពីព្រះរាជអាជ្ញា និងនិងកម្លាំង ប៉ូលីសបានមកដល់ ហើយពួកគេទាំង ៣នាក់ ដែលរារាំង បានបើករថយន្ដរត់គេចអស់។ ព្រះរាជអាជ្ញា បានបញ្ជាកម្លាំង និងនាំយករថយន្ដដឹកឈើនោះ ទៅទុកនៅស្ថានីយ៍បណ្ដុះកូនឈើ ដោយរូបលោកជួយជូន ទៅដោយផ្ទល់។

លោក អ៊ួង សម្បតិ្ត បានឲ្យដឹងថា ទោះជាអ្នកទាំង៣ បង្អាក់ដំណើរកម្លាំង របស់លោក យ៉ាងណាក៍ដោយ លោកមិនប្តឹងអ្នកទាំង៣ នោះទេ ព្រោះរថយន្តដឹកឈើនោះ ចាប់បានហើយ អ្នកទាំង៣ ក៍មិនបានបង្កហិង្សា ដល់សមត្ថកិច្ចណាម្នាក់ដែរ។ លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ បានឲ្យដឹងថា ឈើដែលចាប់បាន ជាឈើប្រភេទធ្នង់ ហើយលោកបានវាស់វែង ឃើញមានចំនួន ៤២ដុំស្មើរ ១ម៉ែត្រគូប ៧ផ្លាន៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *