កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ពង្រឹងអនុវត្តចំពោះយានយន្តគ្រប់ប្រភេទដែលឈប់ចតតាមផ្លូវល្មើសស្លាកសញ្ញានិងគំនូសសញ្ញាចរាចរណ៍ហាមឃាត់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់សហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការរឹតបន្តឹងនិងអនុវត្តចាត់វិធានការចំពោះយានយន្តគ្រប់ប្រភេទដែលឈប់ចតល្មើសសញ្ញា និងគំនូសសញ្ញាចរាចរណ៍ហាមឃាត់ បង្កប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈនិងបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ការចេញប្រតិបត្តិការចាត់វិធានការចំពោះយានយាន្តគ្រប់ប្រភេទឈប់ចតបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលសណ្តាប់ធ្នាប់នៃការិយាល័យជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤  ត្រូវចេញរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យមានរបៀបរៀបរយល្អដើម្បីដោះស្រាយភាពកកស្ទះចរាចរណ៍និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយយានយន្តគ្រប់ប្រភេទដែលឈប់ចត គ្មានសណ្តាប់ត្រឹមត្រូវក្នុងរាជធានីភ្នំពេញនិងត្រូវស្ទូចយាយន្តឈប់ចតល្មើសច្បាប់យកមកចាត់វិធានការតាមនីតិវិធី។ឯកឧត្តអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានជំរុញកម្លាំងនគរបាលជំនាញត្រូវអនុវត្តកិច្ចការងារចេញរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវត្រូវធ្វើជាប្រចាំមិនដកថយនោះឡើយ។

សូមបញ្ជាក់ថាក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញកម្លាំងនគរបាលសណ្តាប់ធ្នាប់និងរថយន្តស្ទូច បានស្ទូចរថយន្តនិងម៉ូតូកង់០៣មួយចំនួនឈប់ចត ល្មើសសញ្ញា និងគំនូសសញ្ញាចរាចរណ៍ហាមឃាត់ដូចជានៅចំណុចផ្លូវ២៩៤ ផ្លូវ២៨៨ ចំណុចទីប្រជុំជនផ្សារអូរឡាំពិក ចំណុចតាមបណ្តោយមហាវិថីព្រះសីហនុ ,មហាវិថីហ្សាដឺហ្គោល ,ផ្លូវ៣៧៤,និងផ្លូវ៣១៦ ដែលស្ថិតក្នុងភូមិសាស្រ្តខណ្ឌ៧មករា និងបឹងកេងកងរាជធានីភ្នំពេញហើយយានយន្តល្មើសទាំងនោះត្រូវបាននាំយកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយអប់រំនិងផាកពិន័យតាមច្បាប់។

ពាក់ព័ន្ធកិច្ចការងារដោះស្រាយសណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈនេះផងដែរ បើយោងតាមរបាយការណ៍របស់ការិយាល័យ នគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថារយៈពេល០១ខែចុងក្រោយនេះគឺខែកក្កដា កម្លាំងនគរបាលសណ្តាប់ធ្នាប់ចេញប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់និងរឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យបទល្មើសចរាចរណ៍(បើកបរបញ្រ្ចាសនិងឈប់ចត គ្មានសណ្តាប់ធ្នាប់)ជាលទ្ធផល សរុបយានយន្តល្មើស៣.៥០៨គ្រឿង,អប់រំ២.៣០២គ្រឿង,និងពិន័យ១.២០៦គ្រឿង។ទន្ទឹមនោះនគរបាលសណ្តាប់ធ្នាប់បន្តចុះរៀបចំអនុវត្តពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈនៅគោលដៅចំណតផ្សារធំថ្មី,ចំណតច្បារអំពៅ,ចំណតផ្សារអូរប្ញស្សី,ចំណតផ្សារអូរឡាំពិក,គោលដៅជុំវិញផ្សារដើមគ,គល់ស្ពានទូតបារាំង,និងគោលដៅក្នុងរាជធានីភ្នំពេញមួយចំនួនទៀតផងដែរ៕

 

Loading...