កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះប្រើប្រាស់រថយន្តជាច្រើនគ្រឿងចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ០២ករណីនៅខណ្ឌពោធិ៍សែនជ័យគ្មានអ្នកស្លាប់ ឬរងរបួសនោះឡើយ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់ អគ្គិភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការចូលរួមសហការពីរថយន្តពន្លត់អគ្គិភ័យអង្គភាពពាក់ព័ន្ធ បានប្រើប្រាស់រថយន្តទឹកជាច្រើនគ្រឿងចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិភ័យ០២ករណីផ្សេងគ្នានៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទប់ស្កាត់អគ្គិភ័យមិនឲ្យឆាបឆេះរាលដាលទៅកន្លែងផ្សេងទៀតនិងគ្មានប្រជាពលរដ្ឋស្លាប់ឬរងរបួសពីគ្រោះអគ្គិភ័យនោះឡើយ។

​បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា នៅវេលាយប់អធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានអគ្គិភ័យមួយកើតឡើងឆេះឃ្លាំងស្តុកទំនិញមួយកន្លែង ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឆេះអស់ទាំងស្រុងខណៈនោះរថយន្តពន្លត់អគ្គិភ័យសរុប១២គ្រឿងបានចេញអន្តរាគមន៍ប្រើប្រាស់ទឹកចំនួន៥៦ម៉ែត្រគូបបានធ្វើឱ្យអគ្គិភ័យនោះរលត់ទាំងស្រុងនៅវេលាម៉ោង២យប់រំលងអធ្រាត្រថ្ងៃដដែល។ អគ្គិភ័យនោះឆេះចេញពីផ្នែកខាងក្រៅនៃឃ្លាំងត្រូវបានម្ចាស់ទីតាំងចោទប្រកាន់ហើយដាក់ការសង្ស័យទៅលើមនុស្សមួយក្រុមជាអ្នកលួចដុតក្រោយពីមនុស្សមួយក្រុមនោះបានមកគំរាមកំហែងម្ចាស់ទីតាំងដែលជាជនជាតិចិនកាលពីប៉ុន្មានថ្ងៃមុនពាក់ព័ន្ធរឿងទំនាស់គ្នា។ ម្ចាស់ឃ្លាំងក៏បានដាក់ពាក្យប្តឹងទៅសមត្ថកច្ចដើម្បីស្រាវជ្រាវវែកមុខអ្នកបំផ្លាញចាត់វិធានការតាមផ្លូវច្បាប់។ប៉ុន្តែទោះបីយ៉ាងណាអគ្គិភ័យនេះស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយនោះទេ។
​អគ្គិភ័យបានបង្កឱ្យខូចខាតនូវឃ្លាំងកសាងអំពីថ្មប្រក់ស័ង្កសីទំហំ១០ម៉ែត្រគុណ២៥ម៉ែត្រ និងទំនិញសម្ភារៈមួយចំនួន។

​ដោយឡែកនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះផងដែរ បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលបង្ការ ពន្លត់និងសង្រ្គោះ ឱ្យដឹងថា អគ្គិភ័យ០១ករណីទៀតបានកើតឡើងកាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផ្ទះទំហំ០៦ម៉ែត្រគុណ០៨ម៉ែត្រ កសាងអំពីឈើប្រក់ក្បឿង ត្រូវបានអគ្គិភ័យបំផ្លាញអស់ទាំងស្រុង និងបណ្តាលឱ្យខូចខាត់បង់ទ្រព្យសម្បត្តិ សម្ភារៈ នៅក្នុងផ្ទះទាំងអស់។ខណៈដែលអគ្គិភ័យកើតឡើងរថយន្តទឹកចំនួន០៥គ្រឿងត្រូវបានប្រើប្រាស់ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទាំងស្រុងនៅល្ងាចថ្ងៃដដែលចំណាយទឹកចំនួន២០ម៉ែត្រគូបដោយមិនបង្កឱ្យរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ អគ្គិភ័យនេះតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបង្កឡើងដោយឆ្លងចរន្តអគ្គិសនី។

​សូមបញ្ជាក់ថា ជុំវិញបញ្ហាអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា នៅឆ្នាំ២០២០គ្រោះអគ្គិភ័យកើតឡើងសរុប១១៧លើក បណ្តាលឱ្យស្លាប់មនុស្ស០៦នាក់ រងរបួស១៤នាក់និងរងខូចខាត់បាត់បង់ទ្រព្យសម្បត្តិជាច្រើន។អគ្គិភ័យនៅឆ្នាំ២០២០ បើប្រៀបធៀបឆ្នាំ២០១៩កើតឡើង៩២លើក គឺកើនឡើង២៥លើក​កើនមនុស្សស្លាប់០៥នាក់ និងថយអ្នករងបួស៧នាក់។មូលហេតុអគ្គិភ័យនេះបង្កឡើងដោយការធ្វេសប្រហែស២២លើក, ការឆ្លងចរន្តអគ្គិសនី ៨១លើក, ផ្ទុះធុងហ្គាស ០៧លើក,ផ្សាដំបូលធ្លាក់ផ្កាភ្លើង០៣លើក,ប្រតិកម្មសារធាតុឆេះចំនួន០៣លើក,និងគ្រោះថ្នាក់ចរាចរណ៍បង្កអគ្គិភ័យ០១លើក៕

Loading...