កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យនៅសេសសល់០៩នាក់ក្រោយចាប់ខ្លួនបក្ខពួក២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យនៅសេសសល់ធ្វើសកម្មភាពអំពើប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែន ០៩នាក់ទៀតក្រោយបក្ខជនសង្ស័យ០២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបន្ទាប់ពីរត់គេចទៅដល់ខេត្តកំពត ។

​ជនសង្ស័យ០២នាក់នោះត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ។ក្រោយពីរងការបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះស្ថិតនៅកន្លែងកម្សាន្តមួយកន្លែងទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

​បើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឱ្យដឹងថា ជនសង្ស័យទាំង០២នាក់មានឈ្មោះ១,ចាន់ ថន ភេទប្រុស​អាយុ១៧ឆ្នាំ ២,អៀ គីមស្រ៊ន ភេទប្រុស អាយុ១៨ឆ្នាំ និងដកហូតវត្ថុតាងម៉ូតូដែលធ្វើសកម្មភាពប្លន់ចំនួន០២គ្រឿង។

​សូមរំលឹកថា កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានក្រុមយុវជន០១ក្រុមមានគ្នា១១នាក់ជិះម៉ូតូ០៥គ្រឿងបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើក្រុមយុវជន០១ក្រុមទៀតមានគ្នាប្រមាណ០៧នាក់ចតម៉ូតូចោលកំពុងអង្គុយលេងខាងមុខម៉ាតPMផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។នៅពេលនោះក្រុមយុវជនរងគ្រោះក៏បានរត់ចោលម៉ូតូហើយត្រូវបានបក្ខពួកក្រុមជនសង្ស័យប្លន់យកម៉ូតូ០១គ្រឿងរបស់ក្រុមយុវជនរងគ្រោះម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ជិះគេចខ្លួនបាត់។

​របាយការណ៍ដដែលឱ្យដឹងទៀតថា អំពើប្លន់ម៉ូតូខាងលើមុនដំបូងផ្តើមចេញរវាងក្រុមជនរងគ្រោះនិងក្រុមជនសង្ស័យជិះម៉ូតូមើលមុខគ្នាទៅវិញទៅមក។លុះបន្ទាប់មក ក៏ក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមឃើញក្រុមជនរងគ្រោះអង្គុយខាងមុខម៉ាតក៏យកដុំថ្មគប់ក្រុមជនរងគ្រោះ ហើយប្លន់យកម៉ូតូ០១គ្រឿងគេចបាត់។មុខសញ្ញាជនសង្ស័យដែលនៅសេសសល់កំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំណត់បានរួចនោះហើយនិងបន្តស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕​

 

Loading...