កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនបុរសជាតិឡាវម្នាក់ ដកហូតថ្នាំញៀនពីរប្រភេទ មានទម្ងន់៥គីឡូក្រាម 

ខេត្តព្រះវិហារ៖ ជនសង្ស័យជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនពីរប្រភេទ មានទម្ងន់៥គីឡូក្រាម ត្រូវបានកម្លាំងនគរបាល ការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួន និងដកហូតបាន កាលពីរសៀលថ្ងៃទី១៤មីនា២០១៨នេះ នៅចំណុចកំពង់ស្រឡៅ ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កម្ពុជា និងស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ប្រធានការិយាល័យ «ក៩» នៃមន្ទីរប្រឆាំងគ្រឿងញៀន លោក យិន បញ្ញារិទ្ធ បានប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន បុរសសង្ស័យជាតិឡាវម្នាក់ ឈ្មោះ ប៊ី គិនខាន់ចាន់ថា ហៅ ស៊ីយង់ អាយុ៣៤ឆ្នាំ រស់នៅភូមិគីឡូលេខ១៤ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ ឡាវ។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតបានថ្នាំញៀន ប្រភេទមេតំហេ្វតាមីន គ្រាប់« WY »ចំនួន១ម៉ឺនគ្រាប់ ស្មើនឹង១គីឡូក្រាម និងប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកកមានទម្ងន់៤គីឡូក្រាម បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿង បញ្ជូនទៅកាន់សលាដំបូង និងអយ្យការខេត្តព្រះវិហារ។

គួររំលឹកថា កាលពីថ្ងៃទី៣មីនា២០១៨ កន្លងទៅនេះ កម្លាំង«ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចាប់ខ្លួន មេក្លោងជួញដូរគ្រឿងញៀនជាតិឡាវ ដ៏ធំម្នាក់ឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅខេត្តចំប៉ាសាក់ ព្រមទាំងរឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ice បាន៣០កញ្ចប់ មានទម្ងន់ជិត៣០គីឡូក្រាម។ ការឃាត់ខ្លួន និងរឹបអូសយកវត្ថុតាងថ្នាំញៀន ដ៏ច្រើនសន្ធឹកសន្ធាប់នោះ បានធ្វើឡើងនៅស្ពានទី២ ផ្លូវចូលទៅព្រំដែនទឹក ជាប់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ ជនសង្ស័យត្រូវបានតុលាការខេត្ត សំរេចចេញដីកាឃុំខ្លួននោះហើយ៕

 

 

Loading...