កម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដីចុះសម្អាតអនាម័យបរិស្ថាន និងបាញ់ថ្នាំកំចាត់មេរោគបង្ការជំងឺឆ្លង នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទឹកជំនន់ស្រកទៅវិញ

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដីនិងមន្រ្តីមន្ទីរជំនាញសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដឹកនាំកម្លាំងដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានចុះសម្អាតអនាម័យ បរិស្ថាន និងបាញ់ថ្នាំ កំចាត់មេរោគបង្ការជំងឺឆ្លង ការពារសុខមាលភាពប្រជាពលរដ្ឋនៅចំណុចផ្សារត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទឹកជំនន់នៅតំបន់នោះបានស្រកទៅវិញនោះហើយ។កម្លាំងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រើប្រាស់រថយន្តទឹកបង្ការពន្លត់អគ្គិភ័យចំនួន១០គ្រឿងដោយការបាញ់ទឹកសាប៊ូសម្អាតអនាម័យតាមដងផ្លូវ ដោយឡែកសាលារាជធានីភ្នំពេញបានប្រើប្រាស់គ្រឿងចក្រនិងរថយន្តបូមទឹកសំអុយដែលបានកកស្ទះដើម្បីរំដោះទឹកសំអុយចេញពីប្រព័ន្ធលូក្នុងការបង្ហូទឹកដែលដក់តាមផ្លូវឱ្យស្រកឆាប់រហ័ស និងប្រើរថយន្តបាញ់ថ្នាំកំចាត់មេរោគ ធានាសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ។
​ការចុះសម្អាតអន័យបរិស្ថាននៅក្នុងតំបន់នោះត្រូវបានប្រជាពលរដ្ឋលើកឡើងចូលរួមគាំទ្រនូវសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ក្រោយពីប្រជាពលរដ្ឋបានរងគ្រោះធម្មជាតិទឹកជំនន់កន្លងមកដែលបង្កប៉ះពាល់ទាំង ទ្រព្យសម្បត្តិ និងជីវភាពរស់នៅប្រចាំថ្ងៃ។

​ក្នុងសកម្មភាពចុះសម្អាតអនាម័យ បរិស្ថាន ពីសំណាក់ អាជ្ញាធររាជធានីភ្នំពេញនោះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងអំពាវនាវប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នអំពីបញ្ហាជំងឺឆ្លងក្រោយទឹកជំនន់បានស្រកទៅវិញហើយត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ។

​សូមបញ្ជាក់ថាខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ទឹកជំនន់បានជន់លិចចំនួន០៨ភូមិ មាន០៤សង្កាត់ បណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤.១៣៤គ្រួសារនិងខ្នងផ្ទះ លិចផ្លូវប្រវែង៨.២២៨ម៉ែត្រ និងលិចសាលារៀន០៤កន្លែង៕

 

 

 

Loading...