កម្លាំងនគរបាលស្រុករមាសហែក បង្ក្រាបបានភ្លាមៗ ក្រោយពីជនសង្ស័យពីរនាក់ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូ១គ្រឿង នៅស្រុករមាសហែក !!!

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៦និង០០នាទីព្រឹក ជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ ០១ គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលបំរ៉ុងចេញពីផ្ទះ ។ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើង។

ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និង ដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន ០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយបណ្តាលអោយដួល និងជ្រុះអាវុធ នៅលើថ្នល់រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋទៅទិសខាងកើតហើយត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់ជនល្មើសបាន ០១នាក់ ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅ ចុន រ៉ាន់ ហៅ តឿ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដក ហូតម៉ូតូវត្ថុតាងបានមកវិញ ។

ជនសង្ស័យ ម្នាក់ទៀតបានរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុង កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

 

Loading...