កម្លាំងនគរបាលស្រុកសេសាន ខេត្តស្ទឹងត្រែង ចុះឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ចាក់សម្លាប់ប្តីខ្លួន នឹងកាំបិតចុងស្រួច ក្រោយផ្ទុះការប្រច័ណ្ឌក្នុងរឿងស្នេហាត្រីកោណ !

ខេត្តស្ទឹងត្រែង៖ បុរសជាប្តីរងគ្រោះ ត្រូវបានស្ត្រីសង្ស័យជាប្រពន្ធ ចាក់ជាច្រើនកាំបិតចុងស្រួច បណ្តាលឲ្យដេកដួលនៅក្នុងថ្លុកឈាម ក្រោយពីផ្ទុះកំហឹងផ្លូវចិត្ត ដោយសារជនរងគ្រោះបាននាំស្រីស្នេហ៍ មកក្រេបទឹកឃ្មុំនៅលើផ្ទះ និងក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនស្ត្រីសង្ស័យដៃដល់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗផងដែរ។

ហេតុការណ៍នោះ បានកើតឡើងនៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី២១កញ្ញាឆ្នាំ២០២០ នៅចំណុច វាលរំពេរ៍ ប្របនឹងផ្លូវជាតិលេខ៧ ស្ថិតនៅក្នុង ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

អធិការនគរបាលស្រុកសេសាន លោកវីរៈសេនីយ៍ឯក ទេស ភាលាភ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានការកើតឡើង នៃអំពើឃាតកម្មប្រពន្ធចាក់សម្លាប់ប្តីនោះមែន ហើយករណីនេះបានផ្តើមចេញពី ភ្លើងប្រច័ណ្ឌ«ស្នេហាត្រីកោណ» ក្រោយពីបុរសជាប្តីរងគ្រោះ បាននាំស្រីផ្សេងមកដេកនៅលើផ្ទះចាំចំការ ហើយប្រពន្ធមកទាន់ ក៏ផ្ទុះភ្លើងកំហឹងប្រតាយប្រតប់គ្នា រហូតឈានដល់ការចាក់សម្លាប់គ្នា នៅក្នុងពេល នោះទៅ ។ លោកបានបន្តថា នៅក្នុងហេតុការណ៍នោះ លោកបានដឹកនាំកម្លាំង ចុះទៅកាន់ទីកើតហេតុ ហើយបានឃាត់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធ ឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ រីឯ ជនរគ្រោះ ឈ្មោះ ម៉ុល ចាន់ ហៅ ចាន់ ប៉េងហាំង អាយុ៣៣ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែក ទីកើតហេតុខាងលើ គឺជាផ្ទះចំការ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកថា ជនរងគ្រោះបានរងការចាក់នឹងកាំបិតចុងស្រួចជាច្រើនកាំបិត ១កាបិតត្រូវលើជង្គុងភ្លៅស្តាំ ១កាំបិតចំគល់ភ្លៅស្តាំ និង១កាំបិតទៀត ចំដៃឆ្វេង បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយនៅខណៈនោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់ញាតិ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីសង្គ្រោះ ជីវិត ប៉ុន្តែ ដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ស្លាប់នៅក្នុងពេលនោះទៅ។ ចំណែក ស្ត្រីសង្ស័យដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តវិធានការច្បាប់។

ដោយឡែក ស្ត្រីសង្ស័យ ហួត សុខឡេង បានរាយរាប់ប្រាប់សមត្ថកិច្ចថា មុនឈានដល់ការផ្ទុះអំពើ ហឹង្សាចាក់សម្លាប់ប្តីខ្លួននេះ គាត់ក៏គ្មានចេតនានោះដែរ តែដោយសារទប់កំហឹងមិនបាន ព្រោះឃើញប្តី នាំស្រីមកដេកនៅលើផ្ទះ ឃើញនឹងភ្នែក តើស្រីណាទប់ចិត្តបានទៅ? ។ មួយវិញទៀត ប្តីគាត់មានស្រីរាប់ មិនអស់ តែងធ្វើបាបចិត្តគាត់ជារៀងរហូតមក អ្វីទាំងអស់នេះហើយ ដែលមិនអាចធ្វើឲ្យគាត់ស៊ូទ្រាំ គ្រាំគ្រាចិត្តបានទៅទៀតនោះឡើយ។

នៅខណៈនេះ ស្ត្រីសង្ស័យកំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្តស្ទឹងត្រែង ចាត់ការតាម ច្បាប់ ៕

Loading...