កម្លាំងនគរបាលអន្តរាគមន៍ចូលរូមសម្អាតបរិស្ថាន អនាម័យនិងប្រមូលសំរាមនៅតាមដងផ្លូវសាធារណៈក្នុងខណ្ឌប្ញស្សីកែវ លើកស្ទួយបរិស្ថានល្អ និងទីក្រុងស្អាត

ភ្នំពេញៈ កម្លាំងនគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងបានដឹកនាំកម្លាំងជួយកិច្ចការងារសង្គមចេញសម្អាតបរិស្ថាន អនាម័យនិងប្រមូលសំរាមតាមដងផ្លូវសាធារណៈមួយចំនួនដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមនៅក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ លើកស្ទួយសោភ័ណភាព នាំមកនូវបរិស្ថានល្អ ទីក្រុងស្អាត។

ទន្ទឹមពេលដែលរាជធានីភ្នំពេញក្នុងរយៈពេលជិត១សប្តាហ៍ចុងក្រោយនេះត្រូវគេមើលឃើញថាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី បាននាំគ្នាធ្វើបាតុកម្មមិនធ្វើការដើម្បីទាមទារប្រាក់ឈ្នួល ទើបនាំឱ្យសំរាមមានការកកស្ទះ។

​កម្លាំងនគរបាលរាជធានីភ្នំពេញអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រៅពីបំពេញភារកិច្ចការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងអនុវត្តវិធានការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសដែលធ្វើឱ្យបទល្មើសទូទៅថយចុះប៉ុណ្ណោះនោះហើយក៏បានរួមចំណែកជាមួយអាជ្ញាធរដែនដីដើម្បីចេញដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមូលដ្ឋានក្នុងការចូលរួមគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

 

Loading...