កម្លាំងមន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តខ្នាតយក្សមួយគ្រឿង ដែលបង្កប់ឈើពីក្រោមបាវធ្យូង និងបាវអង្កាម

 

ខេត្តព្រះវិហារ៖ កម្លាំងទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបើកប្រតិបត្តិការចុះបង្ក្រាបរថយន្ត ប្រភេទវេអងខ្នាតយក្សមួយគ្រឿង ដាក់បាវធ្យូង និងបាវអង្កាមពីលើ និងបង្កប់ឈើល្មើសច្បាប់ពីក្រោម នាំយកមកកាន់ទីចាត់ការ ប៉ុន្តែ តៃកុងរថយន្តបានគេចខ្លួនដោយ សុវត្ថិភាព។

ប្រតិបត្តិការបង្ក្រាបរថយន្តខ្នាតយក្ស ដឹកជញ្ជូឈើគ្មានច្បាប់អនុញ្ញាតមួយគ្រឿងនេះ បានប្រព្រឹត្តទៅ នៅម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១តុលាឆ្នាំ២០២០ គ្រារថយន្តនេះកំពុងធ្វើចរាចរណ៍លើដងផ្លូវ នៅចំណុចព្រៃស្មាច់ ស្ថិតនៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ប្រធានស្តីទី នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បានប្រាប់ឲ្យដឹងថា កម្លាំងទីចាត់ ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ ពិតជាបានចុះចាប់រថយន្តខ្នាតយក្ស មួយគ្រឿង ដែលលួចដឹកជញ្ជូនឈើល្មើសច្បាប់ ដោយរថយន្តនេះបានដាក់បាវធ្យូង និងបាវអង្កាមពីលើ និងបានបង្កប់ឈើពីក្រោមយ៉ាងពិតប្រាកដនោះមែន។ លោកបានបន្តថា រថយន្តដែលបង្ក្រាបបាននេះ ជាប្រភេទវេអង ពណ៌ខៀវលាយស ពាក់ស្លាកលេខ តាកែវ 3A-0393 រថយន្តនេះបានធ្វើសកម្មភាព ចូលទៅលើកឈើ នៅចំណុចព្រៃស្មាច់ និងនៅតាមផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិគូលែនត្បូង ហើយគ្រោងធ្វើ ចរាចរណ៍ចាកចេញពីតំបន់នោះ ប៉ុន្តែ កម្លាំងបរិស្ថានបានដឹង និងចុះឃាត់ភ្លាមៗ រីឯតៃកុងរថយន្តនេះ បានគេចខ្លួនបាត់ស្រមោល។

លោក សុង ច័ន្ទសុជាតិ បានបញ្ជាក់ថា ក្រោយការបង្ក្រាប រថយន្តដឹកឈើខ្នាតយក្សមួយគ្រឿងនេះ ត្រូវបាននាំយកមករក្សាទុក នៅទីចាត់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព « តាកឹង » ហើយរហូតមក ទល់នឹងពេលនេះ ឈើនៅក្នុងរថយន្តនោះ មិនទាន់បានរើចេញ និងក៏មិនទាន់ដឹងថា ឈើទាំងនោះមាន ប៉ុន្មានប្រភេទ និងប៉ុន្មានម៉ែត្រគូបនោះដែរ ព្រោះកម្លាំងបរិស្ថានជាប់រវល់ឡើងភ្នំត្បែង ដោយមិនអាចដក ឃ្លាមកវាស់វែងបាននៅឡើយទេ។ លោកបានបញ្ជាក់ទៀតថា មន្ត្រីជំនាញនឹងរើឈើនោះចេញពីរថយន្ត ព្រមទាំងរាប់ និងវាស់ នៅពេលខាងមុខនេះ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ៕

Loading...