កម្លាំងសមត្ថកិច្ចបំបែកសម្បុកដេញកាប់ប្លន់ម៉ូតូមួយក្រុម

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងនគរបាលស្រុកសំរោងទង បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះដោយអំពើស្ទាក់កាប់ប្លន់ពីជនសង្ស័យមួយក្រុម។

ដោយបានការណែនាំចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ១ក្រុមមានគ្នា៩នាក់ យកមកសាកសាកសួរ និងចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង៣និង៣០នាទី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិបេង និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ១៨ឆ្នាំ ៤-ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ២០ឆ្នាំ ៥-ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ ៦-ឈ្មោះ នឿម រតនា ហៅទិ អាយុ១៩ឆ្នាំ ៧-ឈ្មោះ ផល តារា ហៅឃ្លោក ភេទប្រុស អាយុ២៣ឆ្នាំ ៨-ឈ្មោះ ឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣ឆ្នាំ និង៩-ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អាយុ២១ឆ្នាំ ក្រុមជនសង្ស័យនេះមានទីលំនៅភូមិបេង និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង មុខរប មិនពិតប្រាកដ។

ប្រភពដដែលបានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្នាយ។

ក្រោយការឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៩នាក់ បានឆ្លើយថា កាលពីថ្ងៃទី១១ ខែមីនា ក្រុមខ្លួនបានរៀបចំផែនការដោយឱ្យបក្សពួកខ្លួនជិះម៉ូតូតាមពីក្រោយជនរងគ្រោះ និងមានកាន់ដាវ កាំបិតផ្គាក់ ធ្វើឱ្យជនរងគ្រោះឃើញមានការភ័យខ្លាច រួចទាញដាវដេញកាប់ទៅលើជនរងគ្រោះតែម្ដង ។ ជាក់ស្ដែងក្រុមគេបានដេញកាប់ឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈជនរងគ្រោះកំពុងជិះម៉ូតូ១គ្រឿង ពណ៌សលាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q.7064 ។

បើតាមជនរងគ្រោះដែលរងនូវការស្ទាក់កាប់ប្លន់នេះ បានរៀបរាប់ថា កាលពីថ្ងៃកើតហេតុខាងលើ អំឡុងពេលគេចេញពីធ្វើម្ហូបការនៅហាង ម្ដុំផ្សារកំពង់ស្ពឺ ខណៈពេលធ្វើដំណើរមកដល់ចំណុចមុខផ្ទះរបស់ឈ្មោះ ហឿន រី ផ្លូវលេខ១៤៤០ ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ក៏ក្រុមជនសង្ស័យជិះម៉ូតូតាមពីក្រោយទាញដាវកាប់មកលើខ្លួន និងធាក់ម៉ូតូផ្ដួល ហើយដណ្តើមយកម៉ូតូតែម្ដង។

បើតាមសមត្ថកិច្ចបានប្រាប់ថា ក្នុងកិច្ចប្រតិបត្ដិការខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចំនួន៤គ្រឿង, ដាវចំនួន២ដើម និងកាំបិតផ្គាក់ចំនួន ៣ ។

ក្រោយការសាកសួរជនសង្ស័យ និងបក្សពួកបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូ និងដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន លើសពីនោះគឺបានធ្វើការពិនិត្យស្វែងរកសារធាតុញៀន ហើយក្នុងចំណោមបក្សពួក៩នាក់នោះ មានលទ្ធផលវិជ្ជមាន គឺមាន៥នាក់ ដែលបានធ្វើតេសរកឃើញមានសារធាតុញៀន ។

បច្ចុប្បន្នក្រោយការសាកសួរ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីបន្ដនៅសៀលថ្ងៃទី១៥ ខែមីនានេះ៕

Loading...