កម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួនជនជាតិខ្មែរ ៣ នាក់ដែលចូលទៅលួចកាប់បំផ្លាញព្រៃឈើជាតំបន់ហាមឃាត់

(ខេត្តបាត់ដំបង )៖ សេចក្តីរាយការណ៍ពីកម្លាំងអភិរក្សព្រៃឈើថៃបានឲ្យដឹងថា ជនជាតិខ្មែរចំនួន ៣ នាក់ ត្រូវបានកម្លាំងអភិរក្សព្រៃឈើថៃ ឃាត់ខ្លួននៅលើទឹកដីថៃទល់មុខនឹងស្រុកសំឡូត ខេត្តបាត់ដំបង ខណៈពួកគេកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ ដោយជ្រៀកជាផ្ទាំង ដើម្បីនាំឆ្លងដែនចូលមកកាន់ទឹកដីកម្ពុជា និងលក់ទៅលើទីផ្សារ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃត្រង់តែម្តង។

ដោយកម្លាំងអភិរក្សព្រៃឈើថៃ បានដើរល្បាតត្រង់ចំនុចខាងក្រោយកងរយថៃលេខ៥១៦ ហើយបានប្រទះឃើញប្រជាពលរដ្ឋខ្មែរ ចំនួន៣ នាក់ កំពុងធ្វើសកម្មភាពលីឈើក្នុងភូមិសាស្រ្តភូមិបានមួង ឃុំនឺនសុី ស្រុកបររ៉ៃ ខេត្តត្រាត ទើបកម្លាំងមេព្រៃថៃឃាត់ខ្លួនតែម្តង។

ពលរដ្ឋខ្មែរទាំងនោះមានឈ្មោះ ១. សែម រដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ២. ឈ្មោះ អៀត សុខឃឿន ភេទប្រុស អាយុ២៦ឆ្នាំ ៣. ឈ្មោះ ចាន់ សុខខា ភេទប្រុស អាយុ៣១ឆ្នាំ នាក់ ពួកគេទាំង ៣ នាក់ រស់ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនជាតិខ្មែរទាំង ៣ នាក់ខាងលើ មិនទាន់ឃើញភាគីថៃដោះលែងនៅឡើយទេ ដោយសមត្ថកិច្ចនៅក្នុងតំបន់នោះបានអះអាងថា គេកំពុងរង់ចាំមើលខាងការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ក្នុងការទាក់ទងទៅភគីថៃដើម្បីចរចារ និងសម្របសម្រួល សុំអោយដោះលែងពលរដ្ឋខ្មែរទាំងនោះមកិញ នាព្រឹកនេះ ៕

 

Loading...