កម្លាំងអាវុធហត្ថបង្ក្រាបរថយន្តដឹកឈើលោតឆ័ត្រទៅកំពតរបស់ចែ ផល្លីល្បីល្បាញនៅខេត្តពោធិ៍សាត់ប្រគល់ឲ្យមេព្រៃខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖រថយន្តដឹកឈើពេញប្រៀប១គ្រឿងដែលគេស្គាល់ច្បាស់ ថាជារបស់ថៅកែល្បីល្បាញប្រចាំ នៅក្នុងខេត្តពោធិ៍សាត់ឈ្មោះ(ចែ ផល្លី)ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកឧដុង្គ ធ្វើការបង្ក្រាបបានប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងចាត់ការបន្ត ខណៈដែលរថយន្តរបស់ ថៅកែស្រីល្បីល្បាញឈ្មោះប្រចាំខេត្តពោធិ៍សាត់ រូបនោះប្រុងលោតឆ័ត្រកាត់ផ្លូវជាតិលេខ៥បន្តទៅផ្លូវលេខ៥១ យកទៅលក់បន្តនៅស្រុកឈូក ខេត្តកំពត ។

បើតាមការរៀបរាប់របស់តៃកុងរថយន្តនិយាយមុនពេលរត់គេចខ្លួនបានអោយដឹងថាថៅកែខ្លួនអាចដឹក
ជញ្ជូនឈើបានយ៉ាងរលូនបែបនេះ (ចែ ផល្លី)គាត់ បានបង់លុយគ្រប់សមត្ថកិច្ច តាមដងផ្លូវគ្រប់ខេត្តដែលឆ្លងកាត់អស់ហើយ ។

ការបង្ក្រាបរថយន្តដឹកឈើពេញប្រៀបរបស់ ចែ.ផល្លី មេឈ្មួញល្បីឈ្មោះប្រចាំខេត្តពោធិ៍សាត់នេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ជិតស្នាក់សង្កាត់រដ្ឋព្រៃឈើឧដុង្គ (ដែលមានលោក ឌុច វណ្ឌី)ជានាយសង្កាត់រាប់ឆ្នាំមកហើយ ស្ថិតនៅក្នុង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមការអោយដឹងពីមន្ត្រីអាវុធហត្ថស្រុកថា រថយន្តដឹកឈើរបស់មេឈ្មួញល្បីឈ្មោះនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយត្រួយចេក ឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A.2361 ដែលគេស្គាល់ច្បាស់ថាជារថយន្តរបស់ (ចែ ផល្លី)មេឈ្មួញល្បីឈ្មោះប្រចាំតំបន់វាលវែង ខេត្តពោធិ៍សាត់។

មន្ត្រីដដែលបានបន្តថានៅមុនពេលបង្ក្រាបរថយន្តដឹកឈើខាងលើនេះ គឺមានការរាយការណ៍ពីបណ្តាញ ថារថយន្តមេឈ្មួញឈ្មោះ (ចែ ផល្លី)បានលើកឈើ គ្រឿងផ្ទះ មានសរស ក្តា ឃ្នាប មិនក្រោម២០ម៉ែត្រគូបនោះទេ ចេញពីម្តុំប្រមោយ ចិនយំ វាលវែង បើកបរតាមផ្លូវជាតិលេខ៥៥ ឆ្លងកាត់មុខស្នាក់ការអង្គការ(ស៊ីអាយ វ៉ាយអេដ)ឆ្លងផ្លូវជាតិលេខ៥ កាត់ស្រុកក្រគរ កាត់ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវយកទៅលក់នៅក្នុងស្រុកឈូក ខេត្តកំពត។

ប្រភពបានបញ្ជាក់ថាពេលបង្ក្រាបរថយន្តខាងលើនេះ បានឃើញតៃកុងរថយន្តឈ្មោះ ប្រុសអាយុជាង៤០ឆ្នាំ ថាខ្លួនជាអ្នកស៊ីឈ្នួលបើករថយន្តអោយ ចែ ផល្លី ទេដោយក្នុងខែកក្តដានេះ ដឹកជញ្ជូនបានចំនួន២០រថយន្តមកហើយ ចេញពីកន្លែងលើកក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ យកទៅលក់បន្តនៅស្រុកឈូកខេត្តកំពត។នៅពេលដែលកម្លាំងកំពុងតែរវល់ស្រាប់តែបុរសជាតៃកុងរថយន្តខាងលើ មានឱកាសល្អបានរត់គេចខ្លួនបាត់ទៅ។

តាមការបង្ហើបពីសមត្ថកិច្ចថា ការចរាចរដឹកជញ្ជូនឈើរបស់ ចែ ផល្លី មេឈ្មួញល្បីឈ្មោះរូបនេះ គឺដឹកចេញពីខេត្តពោធិ៍សាត់ កាត់ខេត្តកំពង់ឆ្នាំ កំពង់ស្ពឺ តាកែវ ឆ្ពោះទៅលក់នៅក្នុងខេត្តកំពត ហើយមេឈ្មួញខាងលើ បានបង់លុយអោយសមត្ថកិច្ចតាមដងផ្លូវរួចរាល់អស់ហើយ មានខេត្តដែលឆ្លងកាត់ទាំងអស់ បូករួមទាំងក្រុមអ្នកកាសែតថែមទៀតផង បើគិតជើង ក្នុង១រថយន្តអស់លោកយកចំនួន២០ដុល្លារ ឬស្មើនិង៨ម៉ឺនរៀល បើសរុប១ខែម្តង គឺ១០០ដុល្លារ ឬ៤០ម៉ឺនរៀល ជាថ្នូរនិងការមិនរាយការណ៍ ឬចាប់បង្ក្រាប ជាពិសេសគឺអស់លោកមេព្រៃតែម្តង បើមិនបង់លុយអោយពួកគាត់ទេ ច្បាស់ជាត្រូវបង្ក្រាបជាក់ជាមិនខានឡើយ។

អ្វីដែលគួរអោយខ្មាស់អៀននោះ គឺកម្លាំងអាវុធហត្ថបង្ក្រាបរថយន្តដឹកបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងជាពិសេសនោះគឺ លោក ឌុច វណ្ឌី ជានាយសង្កាត់រដ្ឋព្រៃឈើឧដុង្គ ដែលមានស្នាក់ការនៅលើផ្លូវជាតិលេខ៥ ហើយកម្លាំងអាវុធហត្ថបង្ក្រាបក្បែរកន្លែងខ្លួនស្នាក់នៅថែមទៀតផង ដោយសារតែភាពធូររលុង និងភាពអសកម្មរបស់ជំនាញទើបក្រុមឈ្មួញហ៊ានប្រព្រឹត្តបទល្មើសមិនខ្លាចញញើតច្បាប់សោះ។ ប្រភពបន្តថា ចែ ផល្លី មេឈ្មួញល្បីឈ្មោះប្រចាំវាលវែង ខេត្តពោធិ៍សាត់រូបនេះ មានរថយន្តដឹកឈើមិនក្រោមពី០៤គ្រឿងនោះឡើយ ហើយរថយន្ត០៤គ្រឿងនោះដូរស្លាកលេខរហូត ដើម្បីខ្លួនរកស៊ីនិងដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចផងដែរ។ ចំពោះក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់ មិនមែនមានតែ ចែ ផល្លី ម្នាក់នោះទេ នៅមាន ចែ អូន និងមេឈ្មួញល្បីឈ្មោះផ្សេងៗថែមទៀតផង។មានការលើកឡើងផងដែរថាមិនអោយមានការសង្ស័យយ៉ាងម៉េចកើត បើរថយន្តដឹកឈើរបស់ក្រុមឈ្មួញ ដឹករាល់យប់ថ្ងៃ ហើយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ជាពិសេស លោក ឌុច វណ្ឌី នាយសង្កាត់រដ្ឋព្រៃឈើឧដុង្គ គ្មានឆន្ទៈក្នុង ការបង្ក្រាបឡើយ បណ្តែតបណ្តោយ អោយក្រុមឈ្មួញរកស៊ីដឹកឈើទាំងយប់ទាំងថ្ងៃ មិនខ្ចីខ្វល់រឿងបង្ក្រាបឡើយ ទាល់តែកម្លាំងអាវុធហត្ថស្រុក ចុះបង្ក្រាបប្រគល់ឲ្យទៅវិញ ។លើសពីនេះទៅទៀតមានការលើកជាសំណួរថាតើរាល់ថ្ងៃអស់លោក ធ្វើការងារ រក្សាព្រៃឈើបានកំរិតណាហើយ?
បច្ចុប្បន្នរថយន្តដឹកឈើខុសច្បាប់ខាងលើ កម្លាំងអាវុធហត្ថអូសយកទៅរក្សាទុកនៅសាលាខេត្ត ដើម្បីចាត់ការបន្តនិងវាស់វែងតាមផ្លូវច្បាប់៕

 

Loading...