ករណីធ្លាក់យន្តហោះនៅកូឡុំប៊ី អ្នករួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតមាន៦នាក់

ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកអ្នកដំណើរ ក្នុងនោះមានក្រុមកីឡាករបាល់ទាត់របស់ក្លិប Chapecoense ប្រេស៊ីល សរុបទាំងអស់៨១នាក់ទៅកាន់ប្រទេសកូឡុំប៊ីនោះ អ្នកនៅរស់រានមានជីវិត គឺគ្រាន់តែរងរបួស មានសរុប៦នាក់ ។ នេះបើតាមប្រភពព័ត៌មានផ្សព្វផ្សាយ ស្កាយញូវ ដកស្រង់ប្រភពមន្ត្រីប៉ូលិសកូឡុំប៊ី ។

យោងតាមបណ្តាញផ្សព្វផ្សាយនានា អោយដឹងថាយន្តហោះដឹកក្រុមកីឡាករ Chapecoense តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពី ប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ី បានជួបឧបទ្ទវហេតុធ្លាក់នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារ បញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អកាលពីម៉ោងជាង៥ល្ងាចថ្ងៃ២៨វិច្ឆិកា២០១៦នៅប្រទេសកូឡំប៊ីត្រូវនៅព្រឹកថ្ងៃ២៩វិច្ឆិកា២០១៦នៅប្រទេសកម្ពុជា។ លើយន្តហោះនោះមានមនុស្សទាំង អស់៨១នាក់ (៧២នាក់ជាអ្នកដំណើរ និង៩នាក់ជាសហសេវិក)។

អាជ្ញាធរបានបញ្ជាក់ថាយន្ដហោះធ្លាក់នេះបាន សម្លាប់មនុស្សដល់ទៅ៧៥នាក់ ក្នុងចំណោមមនុស្សដែលស្ថិតនៅលើយន្តហោះសរុប ចំនួន៨១នាក់ ខណៈ៦នាក់ រងរបួសធ្ងន់កំពុងស្ថិតនៅឯមន្ទីរពេទ្យហើយក្នុងចំណោមមនុស្ស៦នាក់ ដែលរងរបួសនេះទៀតសោត មាន៣នាក់ជាកីឡាករ។

គួរបញ្ជាក់ថា យន្តហោះនេះបានដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេងក្នុង កម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធ ឡើងនៅថ្ងៃពុធសប្តាហ៍នេះ។

ឥឡូវនេះការប្រកួតបាល់ទាត់ដណើមពានរង្វាន់ South America 2016 ត្រូវបានប្រកាសពន្យារ ពេលភ្លាមៗដោយសារតែ ក្រុមត្រូវប្រកួត គឺក្លឹប Chapecoense ជួបគ្រោះអកុសលធ្លាក់យន្តហោះនៅក្នុងប្រទេសកូឡុំប៊ី លើទឹកដីត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដែល គ្រោងនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦៕

colombia-aircrash

Loading...