ករណីរថភ្លើងធ្លាក់ចេញពីផ្លូវដែកនៅឥណ្ឌា ជនរងគ្រោះបាត់បង់ជីវិតកើន៩៦នាក់ហើយ

មន្ត្រីផ្លូវដែកឥណ្ឌាបានបញ្ជាក់ថា មនុស្សយ៉ាងតិច៩៦នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីហេតុការណ៍ទូរថភ្លើងក្រុមហ៊ុន ឥណ្ឌាអ៊ិចស្ព្រេស ជាច្រើនទូបានធ្លាក់ចេញពីផ្លូវដែក ស្ថិតនៅភាគខាងជើងរដ្ឋ Uttar Pradesh កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ជនរងគ្រោះបាត់បង់ជីវិត អាចកើនឡើងច្រើនជាងនេះ ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងមមាញឹករើកកាយដែកទូរថភ្លើងដែលសង្កត់លើជនរងគ្រោះនោះ ។

មន្ត្រីផ្លូវដែកដដែលបានបន្តថា ទូរថភ្លើង១៤ទូ នៃរថភ្លើងដែលកំពុងចរាចរណ៍រវាងភាគឦសាន្តទីក្រុង Patna នឹងទីក្រុងភាគកណ្តាល Indore នោះបានរត់ធ្លាក់ចេញពីផ្លូវដែក ខណៈមកដល់ចំណុច Pukhrayan ចម្ងាយ៦៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Kanpure ។

លោក Anil Saxena មន្ត្រីផ្លូវដែករបស់ឥណ្ឌាបានប្រាប់រ៉យទ័រថា រហូតមកដល់ពេលនេះ អ្នកដំណើរនៅតែជាប់គាំងក្នុងទូរថភ្លើងនៅឡើយទេ។ ក្រុមជួយសង្គ្រោះបាននិងកំពុងខ្នះខ្នែងជួយជនរងគ្រោះឲ្យអស់ពីលទ្ធភាព ។

រថភ្លើងខាងលើនេះ ប្រតិបត្តិឡើងដោយក្រុមហ៊ុនរដ្ឋ ដឹកអ្នកដំណើរប្រមាណ៥០០នាក់ ខណៈដែលហេតុការណ៍គ្រោះថ្នាក់បានកើតឡើង ។ ខ្សែរថភ្លើងមួយនេះ មានសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់ភាគខាងជើងឥណ្ឌាក្នុងការដឹកជញ្ជូនអ្នកដំណើរ និងម្ហូបអាហារ ។

អ្នកដំណើរម្នាក់ឈ្មោះ Faizal Khan ដែលរួមដំណើរជាមួយប្រពន្ធ និងកូនៗ២នាក់ ដែលត្រូវបានជួយសង្គ្រោះនោះបាននិយាយប្រាប់រ៉យទ័រថា ភ្លាមៗពេលដែលទូរថភ្លើងក្រឡាប់នោះ លោកបានកាន់ដែកនៅជិតបន្ទប់ទឹកយ៉ាងជាប់ ។

ក្រុមជួយសង្គ្រោះបានអះអាងថា ភ្លាមៗនេះ គេបានលើកសាកសពចេញពីទូរថភ្លើងបាក់បែកចំនួន៩៦នាក់ ហើយក្រៅពីនេះ នៅមានអ្នករងរបួសច្រើននាក់ផ្សេងទៀត ៕

er ht jh sd

Loading...