កាកបាទក្រហមកម្ពុជាប្រគល់ម៉ាស៊ីនអេធីអឹមATMអង្ករ ចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយជាម៉ាស៊ីនអេធីអឹមអង្ករចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែ កអង្ករជូនដល់ប្រជាពលរដ្ឋងាយរង គ្រោះបំផុតនៅក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីប្រគល់ និងទទួលអំណោយម៉ាស៊ីនអេធីអឹម(ATM)អង្ករនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាក បាទក្រហមកម្ពុជា។ ប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រីពុំ ចន្ទីនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា និងមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ និងពាំនាំប្រសាសន៍ របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដែលបានអញ្ជើញមក ចូលរួមនាពេលនេះ។

លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ម៉ាស៊ីនអេធីអឹម(ATM)អង្ករចំនួន ៤គ្រឿងនេះ ជាអំណោយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដែលបាននាំយកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយថ្ងៃនេះកាកបាទ ក្រហមកម្ពុជា បានបន្តជូនទៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយកាត់ បន្ថយការចែកដោយផ្ទាល់ ដែលនេះជាផ្នែកមួយ នៃការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩នៅកម្ពុជា។

ក្នុងឱកាសនោះ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងនាមតំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ អំណោយជាម៉ាស៊ីនអេធីអឹមចំនួន ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ។

លោកបានបន្តថា ម៉ាស៊ីននេះពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់ដើម្បីរក្សា គម្លាតសុវត្ថិភាព ជាពិសេស ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបែងចែក ដើម្បីបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងដែនដីរាជធានីភ្នំពេញ។

ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់ពីសកម្មភាពប្រចាំថ្ងៃរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការ ទប់ស្កាត់រលកទីពីរ នៃវីរុសកូវីដ-១៩ ជាពិសេស ការផ្តោតយកចិត្តទុកដាក់ ចំពោះអ្នក ចំណូលស្រុកតាមជើងហោះហើរ តាមរយៈវិធានការនានា និងការងារអប់រំ ណែនាំដល់ ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕

Loading...